(បាងកក)៖ ដោយសារតែការព្រួយបារម្ភជុំវិញបញ្ហារីករាលដាលនៃវីរុស COVID-19 ប្រទេសថៃបានសម្រេចលុបចោលកម្មវិធីសង្រ្កាន្តចូលឆ្នាំថ្មីល្បីៗចំនួន 0២កន្លែងទៀតគឺនៅក្រុងឈៀងម៉ៃ (Chiang Mai) ដែលស្ថិតនៅភាគខាងជើង និងទីក្រុងហាត់យ៉ៃ (Hat Yai) នៅភាគខាងត្បូងប្រទេស។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។

នាថ្ងៃពុធនេះសាលាក្រុង Chiang Mai បានប្រកាសលុបចោលកម្មវិធីសង្រ្កាន និងព្រឹត្តិការណ៍ធំជាច្រើនផ្សេងទៀត សម្រាប់បុណ្យចូលឆ្នាំថ្មីនៅក្នុងទីក្រុង ហើយទីក្រុងទេសចរណ៍ Hat Yai ក៏បានចេញសេចក្តីប្រកាសដូចគ្នាដែរ។ អភិបាលក្រុង Chiang Mai លោក ថាស្សាណៃ បួរ៉ាណុផាកន (Thassanai Buranupakorn) បានប្រាប់ថា រាល់ព្រឹត្តិការណ៍ដែលមានមនុស្សម្នាជួបជុំច្រើន ត្រូវបានលុបចោលសម្រាប់បុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដែលរួមមានដូចជាការលេងជះទឹក ព្យុហយាត្រា និងពិធីស្រង់ព្រះជាដើម។

គួរជម្រាបថា កន្លងមកនេះ កម្មវិធីសង្រ្កានសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃ ក៏ត្រូវបានលុបចោលរួចស្រេចទៅហើយផងដែរនៅទីក្រុងបាងកក, ទីក្រុង ផាតតាយ៉ា (Pattaya), ទីក្រុងបាំងសែន (Bang Saen), ទីក្រុងកនគែន (Khon Kaen), និងនៅឆ្នេរផាថុង (Patong) នៃកោះភូកេត (Phuket)៕