(ចឹងទូ)៖ ក្រុមជំនាញវេជ្ជសាស្ត្រចិនដែលមានសមាជិក ០៤នាក់ និងគ្រូបង្រៀនភាសាអ៉ីតាលីម្នាក់ទៀតសរុប ០៥នាក់ បានធ្វើដំណើរពីខេត្តស៊ីឈួន (Sichuan) ទៅកាន់ទីក្រុងសៀងហៃនៅថ្ងៃពុធនេះ ដើម្បីចាកចេញទៅកាន់ប្រទេសអ៉ីតាលី ដែលកំពុងរងគ្រោះខ្លាំងជាងគេបំផុតនាពេលបច្ចុប្បន្ន ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈចំនួនមនុស្សឆ្លង និងស្លាប់នៅតែបន្តកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។

ក្រុមជំនាញទាំង ០៥នាក់ខាងលើនេះ គឺត្រូវបានចាត់តាំងដោយកាកបាទក្រហមចិន ដើម្បីត្រៀមធ្វើដំណើរទៅប្រទេសអ៉ីតាលី។ លោក លាង សុងអាន (Liang Zongan) ប្រធានមន្ទីរវេជ្ជសាស្ត្រផ្នែកសួត និងព្យាបាលបន្ទាន់ នៃមន្ទីរពេទ្យចិនភាគខាងលិច របស់សាកលវិទ្យាល័យស៊ីឈួន បានលើកឡើងយ៉ាងដូច្នេះថា «នៅពេលដែលយើងទៅដល់ប្រទេសអ៉ីតាលី យើងនឹងចុះទៅពិនិត្យមើលអំពីស្ថានភាពជាក់ស្តែងនៅទីនោះ ហើយបន្ទាប់មកទើបចែករំលែកបទពិសោធន៍ ប្រយុទ្ធប្រឆាំងនឹងជំងឺ និងធ្វើកិច្ចសហការជាមួយក្រុមជំនាញវេជ្ជសាស្ត្រអ៉ីតាលី»

ទោះបីចិនជាប្រទេសដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែវីរុសកូរ៉ូណាថ្មី ឬ COVID-19 ក្តី ប៉ុន្តែក៏ប្រទេសនេះក៏បានចាត់វិធានការក្តៅ និងច្បាមបានបទពិសោធន៍ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងជំងឺ ដែលជិតនឹងទទួលបានជោគជ័យទាំងស្រុង នាពេលឆាប់ៗខាងមុខនេះហើយ។ ដោយឡែកប្រទេសអ៉ីតាលីវិញបាន និងកំពុងក្លាយជាជនរងគ្រោះធ្ងន់បន្ទាប់ ខណៈមនុស្សឆ្លងសរុបមាន ១០,១៤៩ករណី ក្នុងនោះ ៦៣១នាក់ស្លាប់ ហើយអត្រាឆ្លង និងស្លាប់គឺខ្ពស់ជាងគេទាំងអស់៕