(រីយ៉ាដ)៖ គិតត្រឹមថ្ងៃពុធនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់៣៥៤នាក់ និងឆ្លងជាង ៩,០០០នាក់ ហើយក្នុងចំណោមអ្នកឆ្លង និងអ្នកស្លាប់ ក៏មានទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលអ៉ីរ៉ង់ជាច្រើននាក់ផងដែរ។

*មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ ឆ្លង COVID-19 ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងមិនទាន់ទទួលស្គាល់៖

១. លោក Esmail Najar ជាប្រធានទីភ្នាក់ងារឆ្លើយតបបន្ទាន់អ៉ីរ៉ង់ បានឆ្លង COVID-19។ ព័ត៌មានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ ISNA កាលពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០៕

២. សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់អ៉ីរ៉ង់ លោក Mohammad Sadr បានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយព័ត៌មានរដ្ឋអ៉ីរ៉ង់ Entekhab ជាអ្នករាយការណ៍ពីករណីនេះ។

៣. លោកស្រី Zohreh Elahian ជាសមាជិកសភាអ៉ីរ៉ង់ ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ព័ត៌មានត្រូវបានទទួលស្គាល់ ដោយទីភ្នាក់ងារព័ត៌មាន YJC កាលពីថ្ងៃទី៥ ខែមីនា។

៤. លោក Pirhossein Koolivand ជាប្រធានសេវាវេជ្ជសាស្ត្របន្ទាន់អ៉ីរ៉ង់ បានឆ្លង COVID-19។ ទីភ្នាក់ងារព័ត៌មាន ILNA ជាអ្នករាយការណ៍ពីករណីនេះ កាលពីថ្ងៃទី០៣ ខែមីនា។

៥. លោក Farideddin Haddad-Adel ដែលជាទីប្រឹក្សាម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei បានបង្ហោះសារមួយនៅលើ Twitter កាលពីថ្ងៃទី២៩ ខែកុម្ភៈ ថាលោកបានឆ្លងកូរ៉ូណា។

៦. លោកស្រី Masoumeh Aghapour Alishahi ជាសមាជិកសភាអ៉ីរ៉ង់ បានប្រកាសកាលពីថ្ងៃទី២៩ ខែកុម្ភៈ ថាលោកស្រីបានឆ្លងវីរុសកូរ៉ូណា។

៧. ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងកិច្ចការបរទេសនៃសភាជាតិអ៉ីរ៉ង់ លោក Mojtaba Zolnour ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថាបានឆ្លងវីរុស កូរ៉ូណា។

៨. អនុប្រធានាធិបតីអ៉ីរ៉ង់ ទទួលបន្ទុកកិច្ចការស្ត្រី និងគ្រួសារ លោក Masoumeh Ebtekar ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។ ទីភ្នាក់ងារព័ត៌មាន IRNA ជារាយការណ៍ពីករណីនេះកាលពីថ្ងៃទី២៧ ខែកុម្ភៈ។

៩. លោក Mostafa Pourmohammadi ជាអតីតរដ្ឋមន្ត្រីយុត្តិធម៌អ៉ីរ៉ង់ ត្រូវបានព័ត៌មានរដ្ឋ Entekhab រាយការណ៍កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថាបានឆ្លងវីរុសកូរ៉ូណា។

១០. លោក Iraj Harirchi ជាអនុរដ្ឋមន្ត្រីសុខាភិបាលអ៉ីរ៉ង់ បានឆ្លងវីរុសកូរ៉ូណា ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ជាអ្នករាយការណ៍កាលពីថ្ងៃទី២៥ ខែកុម្ភៈ។

១១. លោក Mahmoud Sadeghi ជាសមាជិកសភាអ៉ីរ៉ង់ បានបង្ហោះសារលើ Twitter កាលពីថ្ងៃទី២៥ ខែកុម្ភៈ ថាលោកបានឆ្លង COVID-19។

១២. រដ្ឋមន្ត្រីឧស្សាហកម្មអ៉ីរ៉ង់ លោក Reza Rahmani ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ Asr-e បានឆ្លង COVID-19 និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

*មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់់ស្លាប់ដោយសារ COVID-19 ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងមិនទាន់ទទួលស្គាល់៖

១៣. អតីតសមាជិកសភាអ៉ីរ៉ង់ លោក Mohammadreza Rahchamani មានអាយុ៦៤ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែមីនា ដោយសារ COVID-19។ ទីភ្នាក់ងារព័ត៌មាន IRNA ជាអ្នករាយការណ៍ពីករណីនេះ។

១៤. លោក Farzad Tazari អតីតមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានស្លាប់ផងដែរ ក្រោយឆ្លង COVID-19។ ព័ត៌មានមរណភាពត្រូវបានរាយការណ៍ដោយទីភ្នាក់ ងារព័ត៌មាន Tasnim កាលពីថ្ងៃចន្ទ ទី០៩ ខែមីនា។

១៥. លោក Reza Modarresi ជាមេដឹកនាំសាសនាម្នាក់ក្នុងទីក្រុង Qom បានស្លាប់ដោយសារវីរុសកូរ៉ូណា ហើយទីភ្នាក់ងារព័ត៌មាន Khabar Online ជាអ្នករាយការណ៍ ពីព័ត៌មានេះកាលពីថ្ងៃទី៧ ខែមីនា។

១៦. លោក Ali Hosseini មេដឹកនាំខាងសាសនា ដែលជាប្រធានអង្គការអភិវឌ្ឍន៍ឥស្លាម ក្នុងទីក្រុង Aliabad-e-Katul នៃខេត្ត Golestan បានស្លាប់ កាលពីថ្ងៃទី០៥ ខែមីនា។ ដំណឹងនេះត្រូវបានរាយការណ៍ទីភ្នាក់ងារព័ត៌មាន Mehr កាលពីថ្ងៃសុក្រកន្លងទៅ ហើយមិនមានការបញ្ជាក់អំពី មូលហេតុនៃការស្លាប់ទេ ប៉ុន្តែប្រព័ន្ធផ្សាយផ្សេងទៀតរបស់អ៉ីរ៉ង់បានអះអាងថា គាត់បានស្លាប់ដោយសារ COVID-19។

១៧. លោក Mousa Torabzadeh ជាអតីតរដ្ឋអាជ្ញាអ៉ីរ៉ង់ នៃខេត្ត Gilan បានស្លាប់ ក្រោយឆ្លង COVID-19។ នេះបើតាមសារ Telegram មួយរបស់ប្រព័ន្ធយុត្តិធម៌អ៉ីរ៉ង់។

១៨. លោក Ayatollah Reza Mohammadi Langroudi ដែលជាមេដឹកនាំខាងសាសនា ក៏បានបាត់បង់ជីវិតផងដែរ ដោយសារ COVID-19 ហើយប្រព័ន្ធផ្សព្ផផ្សាយរដ្ឋអ៉ីរ៉ង់ បានទទួលស្គាល់នៅថ្ងៃទី០៧ ខែមីនា។

១៩. មេដឹកនាំខាងសាសនា លោក Akbar Dehghan ទទួលមរណភាពនៅថ្ងៃទី៥ ខែមីនា ដោយសារវីរុសកូរ៉ូណា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Khabar Online។

២០. លោក Rasoul Azizi ជាមេប៉ូលិសប្រចាំខេត្ត Gilan ស្លាប់ដោយសារកូរ៉ូណា។ តែមិនទាន់មានការទទួលស្គាល់ជាផ្លូវការ។

២១. សមាជិកសភាអ៉ីរ៉ង់ លោកស្រី Fatemeh Rahbar ស្លាប់ដោយសារ COVID-19។ ទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍នៅថ្ងៃសៅរ៍ សប្ដាហ៍មុន។

២២. អតីតអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំប្រទេសស៊ីរី លោក Hossein Sheikholeslam ស្លាប់ដោយសារវីរុសកូរ៉ូណា។ ទីភ្នាក់ងារព័ត៌មាន Fars news រាយការណ៍កាលពីថ្ងៃទី០៥ ខែមីនា។

២៣. លោក Ahmad Toyserkani ទីប្រឹក្សរដ្ឋមន្ត្រីយុត្តិធម៌អ៉ីរ៉ង់ ស្លាប់ដោយសារកូរ៉ូណា ហើយព័ត៌មាន ISNA អះអាងកាលពីថ្ងៃទី០៣ ខែមីនា។

២៤. លោក Mohammad Haj Abolghasemi ជាមន្រ្តីក្នុងអង្គភាពមួយនៃកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់រាយការណ៍ ថា បានបាត់បង់ជីវិត កាលពីថ្ងៃទី០៣ ខែមីនា ដោយមិនបានបញ្ជាក់មូលហេតុនៃការស្លាប់នោះទេ ប៉ុន្តែមានការអះអាងថា គាត់បានស្លាប់ ដោយសារ COVID-19។

២៥. លោក Mohammad Mirmohammadi ដែលជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ បានស្លាប់ដោយសារ COVID-19។ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់បានរាយការណ៍ពីរឿងនេះកាលពីថ្ងៃទី០២ ខែមីនា។

២៦. លោក Mohammad Ali Ramazani Dastak ដែលជាសមាជិកសភាអ៉ីរ៉ង់ បានស្លាប់កាលពីថ្ងៃទី២៩ ខែកុម្ភៈ។ ជុំវិញការស្លាប់របស់លោក ក្រុមមន្រ្តីអ៉ីរ៉ង់បានអះអាងថា គាត់បានស្លាប់ដោយសារមូលហេតុផ្សេងក្រៅពី COVID-19 ខណៈក្រុមអ្នកកាសែតជឿជាក់ថា គាត់បានស្លាប់ ដោយសារតែជំងឺនេះ។

២៧. លោក Reza Pourkhanali ជាមន្រ្តីកសិកម្មនៅខេត្ត Gilan បានបាត់បង់ជីវិតដោយសារ COVID-19។ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ បានរាយការណ៍ពីរឿងនេះកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

២៨. លោក Hamed Jalali Kashani ដែលជាសកម្មជនគាំទ្ររដ្ឋាភិបាលអ៉ីរ៉ង់ ត្រូវបានទីភ្នាក់ងារព័ត៌មានក្នុងប្រទេសអ៉ីរ៉ង់ YJC រាយការណ៍ថា បានស្លាប់ដោយសារ COVID-19 កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

២៩. លោក Ahmad Khosravi ដែលជាសកម្មជនម្នាក់ទៀតដែលគាំទ្ររដ្ឋាភិបាលអ៉ីរ៉ង់ ក៏បានស្លាប់ដោយសារ COVID-19 ផងដែរ។ ដំណឹង មរណភាពរបស់លោក ត្រូវបានគេចែករំលែកតាមបណ្តាញសង្គម ក្នុងចំណោមក្រុមអ្នកគាំទ្ររដ្ឋាភិបាលអ៉ីរ៉ង់។

៣០. លោក Hadi Khosroshahi អតីតឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំបុរីវ៉ាទីកង់ បានស្លាប់នៅថ្ងៃទី២៧ ខែកុម្ភៈ ដោយសារ COVID-19។ ទីភ្នាក់ងារ ព័ត៌មានអ៉ីរ៉ង់ IRNA ជាអ្នកដែលបានរាយការណ៍ពីរឿងនេះ៕

ប្រភព៖ សារព័ត៌មាន Alarabiya (ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០)