(ពិភពលោក)៖ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរសុខាភិបាលអ៉ីរ៉ង់ នៅថ្ងៃពុធនេះ បានប្រកាសថាមនុស្ស៦៣នាក់បន្ថែមទៀត បានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 ត្រឹមតែ រយៈពេល២៤ម៉ោងប៉ុណ្ណោះ ធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ៣៥៤នាក់។

២៖ ក្រុមជំនាញវេជ្ជសាស្ត្រចិនដែលមានសមាជិក ០៤នាក់ និងគ្រូបង្រៀនភាសាអ៉ីតាលីម្នាក់ទៀតសរុប ០៥នាក់ បានធ្វើដំណើរពីខេត្តស៊ីឈួន (Sichuan) ទៅកាន់ទីក្រុងសៀងហៃនៅថ្ងៃពុធនេះ ដើម្បីចាកចេញទៅកាន់ប្រទេសអ៉ីតាលី ដែលកំពុងរងគ្រោះខ្លាំងជាងគេបំផុតនាពេលបច្ចុប្បន្ន ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈចំនួនមនុស្សឆ្លង និងស្លាប់នៅតែបន្តកើនឡើងយ៉ាងគំហុក។

៣៖ ដោយសារតែការព្រួយបារម្ភជុំវិញបញ្ហារីករាលដាលនៃវីរុស COVID-19 ប្រទេសថៃបានសម្រេចលុបចោលកម្មវិធីសង្រ្កាន្តចូលឆ្នាំថ្មីល្បីៗចំនួន 0២កន្លែងទៀតគឺនៅក្រុងឈៀងម៉ៃ (Chiang Mai) ដែលស្ថិតនៅភាគខាងជើង និងទីក្រុងហាត់យ៉ៃ (Hat Yai) នៅភាគខាងត្បូងប្រទេស។

៤៖ មន្ត្រីអន្តោប្រវែសន៍ថៃពីររូបប្រចាំនៅ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈដែលមន្ត្រីទាំងនេះ មានតួនាទីជាអ្នកពិនិត្យលិខិតឆ្លងដែន (passports)។

៥៖ ប្រភពពីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីនាថ្ងៃពុធនេះបានឲ្យដឹងថា ស្រ្តីវ័យ៥៣ឆ្នាំម្នាក់ទើបតែបានបាត់បង់ជីវិត ក្រោយឆ្លង ជំងឺ COVID-19 ដែលវាគឺជាករណីស្លាប់ដំបូងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

៦៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអ៉ីតាលី កើនដល់៦៣១នាក់ និងឆ្លងជាង១០,១៤៩នាក់៕