(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលខ្លួនទៅឲ្យក្រុមគ្រូពេទ្យ ធ្វើតេស្តរកវីរុសកូរ៉ូណាថ្មី ឬ COVID-19 បើទោះបីជាលោកគ្មានអការៈជំងឺអ្វីសោះក៏ដោយ។ នេះបើតាមការលើកឡើងរបស់ សមាជិកព្រឹកសភាហ្វីលីពីនលោក គ្រីស្តូហ្វឺ ឡូរ៉េនស៍ ហ្គោ (Christopher Lawrence Go) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

សមាជិកព្រឹទ្ធសភាខាងលើ ដែលត្រូវជាជំនួយការដ៏យូរអង្វែងរបស់លោក ឌូតឺតេ បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនមែនធ្វើបែបនេះ ដោយសារលោកប្រធានាធិបតីមានអការៈពាក់ព័ន្ធនឹង COVID-19 នោះឡើយ។ យើងកំពុងចាត់វិធានការដូច្នេះដើម្បីធានាថា យើងមានភាពត្រឹមត្រូវ និងផាសុខភាព ដើម្បីអាចបន្តបំពេញកិច្ចការងារជាសាធារណៈ នៅរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខទៀត។ អ្វីដែលឥតកែប្រែ លោកប្រធានាធិបតី និងខ្ញុំត្រៀមខ្លួនជានិច្ចដើម្បីបម្រើ និងបូជាជីវិតជូនប្រជាជនហ្វីលីពីន»។

គួរបញ្ជាក់ថា លោក ឌូតឺតេ ដែលបច្ចុប្បន្នមានវ័យ ៧៤ឆ្នាំទៅហើយនោះ នឹងត្រូវចូលខ្លួនទៅធ្វើតេស្តក្នុងពេលឆាប់ៗ ហើយមន្ត្រីរបស់លោកជាច្រើនរូបទៀត ក៏នឹងត្រូវធ្វើដូចគ្នាដែរ ខណៈមន្ត្រីណាដែលបញ្ចេញអការៈគួរឲ្យសង្ស័យនោះ នឹងត្រូវស្ថិតក្នុងការតាមដានសុខភាព សម្រាប់រយៈពេល ១៤ថ្ងៃដាច់ដោយឡែកពីគេ តបតាមការកំណត់របស់អង្គការសុខភាពពិភពលោក WHO។ បច្ចុប្បន្នហ្វីលីពីន មានការឆ្លង COVID-19 ចំនួន ៤៩ករណី ក្នុងនោះអ្នកជំងឺ ០២នាក់ស្លាប់៕