(ស៊ីដនី)៖ តារាហូលីវូដជើងចាស់ដ៏ល្បីរបស់សហរដ្ឋអាមេរិកគឺ លោក ថម ហាំងស៍ (Tom Hanks) និងភរិយាគឺលោកស្រី រីតា វីលសុន (Rita Wilson) ត្រូវបានគេធ្វើតេស្ត រកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

លោក Hanks ផ្ទាល់គឺជាអ្នកបានប្រកាសពីដំណឹងខាងលើ តាមរយៈសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម។ លោកបានប្រាប់ថារូបលោក និងភរិយាមានរោគសញ្ញាកម្រិតបង្គួរ ហើយអ្នកទាំងពីរនឹងអនុវត្តតាមការណែនាំនានា របស់ក្រុមអ្នកជំនាញសុខាភិបាលអូស្រ្តាលី។ បើតាមលោក Hanks លោក និងភរិយា មានអការៈ «ហត់នឿយ ឈឺខ្លួនប្រាណ និងគ្រុនបន្តិចបន្តួច» រួចក៏បាននាំគ្នាទៅធ្វើតេស្តពិនិត្យរកមើល COVID-19 ហើយលទ្ធផលចេញមក «វិជ្ជមាន»។

លោក Hanks និងភរិយាកំពុងស្ថិតក្នុងរដ្ឋ ឃ្វីនស៍លែនដ៍ (Queensland) នៃប្រទេសអូស្រ្តាលី ដើម្បីថតខ្សែភាពយន្តជាមួយអ្នកដឹកនាំរឿង ជនជាតិអូស្រ្តាលី លោក បាស លូហាម៉ាន់ (Baz Luhrmann) ស្តីពីជីវប្រវត្តិរបស់អតីតកំពូលតារាចម្រៀងអាមេរិក អ៊ែលវីស ព្រីសឡេយ (Elvis Presley)។ តារាហូលីវូដវ័យ ៦៣ឆ្នាំរូបនេះបានទៅដល់អូស្រ្តាលី កាលពីចុងខែកុម្ភៈ។

គួរជម្រាបថា មកទល់ពេលនេះអូស្រ្តាលីបានរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង ១១០ករណី ហើយបើបូកទាំងករណីលោក Hanks និង ភរិយាថែមទៀតនៅរដ្ឋ Queensland មានអ្នកឆ្លងវីរុសនេះយ៉ាងតិច ២០ករណី៕