(ក្វាងចូវ)៖ អ្នកជំនាញល្បីឈ្មោះមួយរូបរបស់ចិនគឺលោក ចុង ណានសាន (Zhong Nanshan) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើប្រទេសទាំងអស់ ចាត់វិធានការដូចអ្វីដែលប្រទេសចិនបាន និងកំពុងតែធ្វើបន្តនោះ ពិភពលោកទាំងមូលនឹងអាចទប់ស្កាត់ការឆ្លងជំងឺសកល COVID-19 បានទាំងស្រុងនៅអំឡុងខែមិថុនាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

ការលើកឡើងរបស់លោក ចុង ណានសាន បានធ្វើឡើងនៅអំឡុងពេលលោក​ធ្វើសន្នសីទសារព័ត៌មានមួយ ក្នុងខេត្តក្វាងចូវនៅថ្ងៃព្រហស្បតិ៍នេះតែម្តង ខណៈដែលប្រទេសចិនកំពុងតែឈានទៅសម្រេចជោគជ័យ ក្នុងការគ្រប់គ្រងការឆ្លងជំងឺសកល COVID-19 ទាំងស្រុង។

លោក ចុង បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំដឹងថា ប្រទេសខ្លះបានធ្វើកិច្ចការយ៉ាងល្អ ហើយប្រទេសខ្លះទៀតគឺមិនទាន់នោះឡើយ។ ប្រទេសខ្លះបានក្រើនរំលឹកប្រជាជន ឲ្យប្រយ័ត្ននឹងមេរោគនេះ ហើយកុំឲ្យចាត់ទុកវាជាជំងឺផ្តាសាយធម្មតាឲ្យសោះ។ ការគណនារបស់យើងថា ការគ្រប់គ្រងជាសកលលើ COVID-19 នឹងត្រូវសម្រេចជោគជ័យនៅខែមិថុនានោះ គឺយោងទៅលើការចាត់វិធានការប្រកបដោយភាពវិជ្ជមាន ដោយប្រទេសទាំងឡាយនោះ ប៉ុន្តែប្រសិនបើពិភពលោកខកខាន មិនបានយកចិត្តទុកដាក់ខ្ពស់​ចំពោះការគំរាមកំហែង និងការឆ្លងនៃវីរុស តាមរយៈការធ្វើអន្តរាគមន៍ឲ្យបានខ្លាំងក្លានោះ រយៈពេលនេះ (ការរាតត្បាតវីរុស) អាចនឹងត្រូវអូសបន្លាយបន្តទៀត»