(អាមេរិក)៖ ក្រុមហ៊ុននាវាទេសចរណ៍ Princess Cruises និង Viking Cruises ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទើបតែបាន ប្រកាសថា ក្រុមហ៊ុនទាំងពីរនឹងផ្អាកប្រតិបត្តិការទេសចរណ៍ទាំងអស់រៀងៗខ្លួន ជាបណ្តោះអាសន្នសិន ស្របពេលដែល COVID-19 ត្រូវបានចាត់ទុកជាជំងឺរាតត្បាតខ្លាំងជាសាកល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន USA Today នៅថ្ងៃ ព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

ក្រុមហ៊ុន Princess Cruises បានប្រកាសថា នឹងផ្អាកប្រតិបត្តិការនៃកប៉ាល់ទេសចរណ៍ទាំង១៨គ្រឿងរបស់ខ្លួន សម្រាប់រយៈពេល ៦០ថ្ងៃ ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១០ ខែឧសភា។ កប៉ាល់ពីរគ្រឿងរបស់ក្រុមហ៊ុន Princess Cruises នេះហើយដែលមាន អ្នកឆ្លង COVID-19 ក្នុងនោះមួយគ្រឿងគឺកប៉ាល់ Diamond Princess នៅជប៉ុន ដែលមានអ្នកឆ្លងជិត៧០០នាក់ និងមួយទៀតគឺ កប៉ាល់ Grand Princess នៅសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងយ៉ាងតិច២១នាក់។

គួរជម្រាបថា សម្រាប់ក្រុមហ៊ុន Viking Cruises វិញ បានប្រកាសថា ខ្លួននឹងលុបចោលគម្រោងធ្វើដំណើរទេសចរណ៍ទាំងអស់ ចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា៕