(តេហេរ៉ង់)៖ អាជ្ញាធរអ៉ីរ៉ង់នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ជាង១ពាន់នាក់ និងស្លាប់ ៧៥នាក់ ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក គីអានូស្ស ចាហានភើ (Kianush Jahanpur) បាននិយាយដូច្នេះថា «ពួកយើងទើបតែ បានរកឃើញករណីឆ្លងថ្មីនៃ COVID-19 ចំនួន១,០៧៥ករណីថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាមានន័យថា ឥឡូវមនុស្សសរុប១០,០៧៥នាក់នៅទូទាំងប្រទេស បានឆ្លងជំងឺនេះ ខណៈចំនួនអ្នកបាត់បង់ជីវិតគឺកើនដល់៤២៩នាក់»។

គួរជម្រាបថា ជំងឺ COVID-19 បានឆ្លងរាលដាលដល់មន្រ្តីជាន់ខ្ពស់ អ្នកនយោបាយ អ្នកដឹកនាំខាងសាសនា និងសមាជិកកងកម្លាំង IRGC ជាច្រើនរូបនៅក្នុងប្រទេសអ៉ីរ៉ង់។ ជាមួយគ្នានេះ បើតាមលោក អាប់ឌុលណាសឺ ហឹមម៉ាធី (Abdolnaser Hemmati) ដែលជាប្រធានធនាគារកណ្ដាលអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់បានស្នើសុំជំនួយហិរញ្ញវត្ថុ (ជាប្រភេទកម្ចីសម្បទានបន្ទាន់) ប្រមាណ ៥ពាន់លានដុល្លារអាមេរិកពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់៕