(ប្រេស៊ីឡា)៖ សារព័ត៌មានក្នុងប្រទេសប្រេស៊ីលនាយប់ថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា លទ្ធផលធ្វើតេស្តពិនិត្យរកមើល COVID-19 លើមន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលបានចូលរួមកិច្ចប្រជុំផ្លូវការមួយ ព្រមទាំងឈរថតរូបជាប់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរីសតរបស់លោក ត្រាំ ក្នុងរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ បានបង្ហាញថា «វិជ្ជមាន»។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០

បើតាមសារព័ត៌មានប្រេស៊ីល ហ្វូលហា ដឺ សៅប៉ូឡូ (Folha de S.Paulo) លោក ហ្វាប៊ីយ៉ូ វ៉ាចញ៉ាធិន (Fabio Wajngarten) គឺជាមន្ត្រីលេខាធិការទំនាក់ទំនង របស់ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) និងដែលបានអមដំណើររូបលោកបំពេញទស្សនកិច្ចទៅកាន់រដ្ឋ Florida និងទទួលទានអាហារពេលល្ងាចជាមួយលោក ត្រាំ នៅឯរីសត ម៉ាអាឡាហ្គោ (Mar-A-Lago)។

គួរជម្រាបថា តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គម Instagram លោក Wajngarten បានឈរថតរូបដោយស្ថិតនៅជាប់នឹង លោក ដូណាល់ ត្រាំ តែម្តង ហើយអនុប្រធានាធិបតីអាមេរិក លោក Mike Pence ក៏មានវត្តមានដែរ ដោយលោកឈរនៅក្បែរ លោក ដូណាល់ ត្រាំ ដូចគ្នា។ យោងតាមប្រភពពីសារព័ត៌មាន ខាងលើដដែល ពេលនេះកំពុងមានធ្វើតេស្តជាលើកទីពី រលើលោក Wajngarten ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់៕