(វ៉ាស៊ីនតោន)៖ យោងតាមការព្យាករណ៍មួយ ដែលត្រូវបានបញ្ជូនទៅកាន់សភាអាមេរិក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ប្រជាជនអាមេរិកចន្លោះពី ៧០-១៥០លាននាក់ នឹងឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ប្រសិនបើការទប់ស្កាត់គ្មានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយ CNA ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

សមាជិកសភាអាមេរិកលោកស្រី រ៉ាស៊ីដា ធីឡេប (Rashida Tlaib) បានលើកឡើងនូវការព្យាករណ៍ខាងលើនេះ នៅអំឡុងកិច្ចប្រជុំជាមួយ កងកម្លាំងពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានតួនាទីប្រយុទ្ធប្រឆាំងវីរុស។ លោកស្រី Tlaib បានបញ្ជាក់ក្នុងឱកាសនោះយ៉ាងដូច្នេះថា «អ្នកជំនាញរបស់សភាបានប្រាប់អង្គព្រឹទ្ធសភាថា លោករំពឹងថាចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅអាមេរិកនឹងមានចន្លោះពី ៧០-១៥០លាននាក់»

សម្រាប់អ្នកព្យាករណ៍ខាងលើនេះ ត្រូវបានសារព័ត៌មានអាកស៊ីយ៉ូស (Axios) រាយការណ៍ថា ជាវេជ្ជបណ្ឌិតមួយរូបឈ្មោះ ប្រាយអ៊ែន ម៉ូណាហាន (Brian Monahan) ដែលបានបញ្ជូនលទ្ធផលព្យាករណ៍ទៅកាន់ព្រឹទ្ធសភា កាលពីថ្ងៃពុធសប្តាហ៍នេះ នៅចំពោះមុខការរីករាលដាល់វីរុសកូរ៉ូណា កាន់តែខ្លាំងនៅអាមេរិក។ លោក Brian ក៏បានប្រាប់ឲ្យគ្រប់គ្នាត្រៀមខ្លួន សម្រាប់ការវាយលុកកាន់តែខ្លាំងដោយវីរុស និងណែនាំសមាជិកសភាទាំងអស់ អំពីវិធីសាស្ត្រក្នុងការថែរក្សាសុខភាពឲ្យល្អផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លង វីរុសកូរ៉ូណាថ្មីសរុបជាង ១,៦០០ករណី ក្នុងនោះអ្នកជំងឺ ៤០នាក់ស្លាប់។ បើតាមការព្យាករណ៍ខាងលើនេះ មនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីអាចកើនដល់ ៧០០,០០០នាក់ ឬក៏អាចដល់ ១.៥លាននាក់ ប្រសិនបើការទប់ស្កាត់មិនបានល្អ។ ទោះបីជាបែបនេះក្តី បើតាមតួលេខកាលពីឆ្នាំ២០១៨ ប្រជាជនអាមេរិកសរុបជាង ៦៥០,០០០នាក់បានស្លាប់ដោយជំងឺបេះដូង និងជាង ៦០,០០០នាក់ស្លាប់ដោយសារជំងឺផ្តាសាយ-រលាកសួត៕