(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា យោធាសហរដ្ឋអាមេរិកទំនងជាអ្នកដែលបាននាំវីរុសកូរ៉ូណាថ្មី ឬ COVID-19 ចូលទៅកាន់ទីក្រុងវូហានរបស់ប្រទេសចិន ជាទីដែលបានទទួលរងការវាយប្រហារដំបូង និងខ្លាំងជាងគេបំផុតនៃវីរុសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចៅ លីចៀន (Zhao Lijian) បានលើកឡើងថា ប្រទេសអាក់អន់ស្រពន់ចិត្តជាខ្លាំង ចំពោះការចោទប្រកាន់របស់មន្ត្រីអាមេរិកដែលថា ខ្លួនមានភាពយឺតយ៉ាវក្នុងការឆ្លើយតបនឹងវីរុស ដែលត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន កាលពីចុងឆ្នាំ ២០១៩កន្លងទៅ និងពុំមានតម្លាភាពគ្រប់គ្រាន់ក្នុងរឿងនេះ។

កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត ប្រ៊ីយែន (Robert O’Brien) បាននិយាយថា ល្បឿននៃការឆ្លើយតបរបស់ចិន ចំពោះការផ្ទុះឡើងនៃវីរុស COVID-19 គឺមានភាពយឺតយ៉ាវដែលនាំឲ្យពិភពលោកខាតបង់ពេលពីរខែ សម្រាប់ត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហានេះ។

ជាការឆ្លើយតប លោក Zhao Lijian ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានសរសេរលើទំព័រ Twitter របស់លោក ដោយបានសួរបកទៅកាន់សហរដ្ឋអាមេរិកត្រង់ៗវិញយ៉ាងដូច្នេះថា «តើអ្នកជំងឺសូន្យចាប់ផ្តើមនៅអាមេរិកនៅពេលណា? តើមានមនុស្សប៉ុន្មាននាក់ឆ្លងរោគ? តើមន្ទីរពេទ្យដែលពួកគេ សម្រាកព្យាបាលមានឈ្មោះអ្វីខ្លះ? វាអាចជាកងទ័ពអាមេរិក ដែលជាអ្នកនាំវីរុសនេះមកកាន់ទីក្រុងវូហានក៏ថាបាន។ ចូរនិយាយឲ្យមានតម្លាភាព! ចូរផ្សព្វផ្សាយទិន្នន័យរបស់អ្នកជាសាធារណៈ! អាមេរិក គឺមិនទាន់ពន្យល់យើងអំពីរឿងនេះទេ»

ទោះយ៉ាងណា លោក Zhao ដែលជាអ្នកចូលចិត្តប្រើបណ្តាញសង្គម Twitter មិនបានផ្តល់ភស្តុតាងណាមួយសម្រាប់ការលើកឡើងរបស់លោកដែលថា យោធាអាមេរិកអាចនឹងត្រូវស្តីបន្ទោសចំពោះការផ្ទុះឡើងនៃវីរុស ក្នុងប្រទេសចិននោះទេ។ ជាមួយគ្នានេះ លោក ហ្គែង ហ្ស័ង (Geng Shuang) ដែលជាអនុប្រធាននាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេសចិន និងជាអ្នកនាំពាក្យផងដែរនោះ ក៏បានរិះគន់សហរដ្ឋអាមេរិកដែរថា «អសីលធម៌ និងគ្មានការទទួលខុសត្រូវ» ដែលបានស្តីបន្ទោសចិនចំពោះរឿងនេះ ហើយលោកក៏បានអំពាវនាវឲ្យមន្រ្តីអាមេរិកមួយចំនួន ដែលរវល់តែស្តីបន្ទោសចិន ឲ្យផ្តោតការយកចិត្តទុកដាក់ និងថាមពលរបស់ពួកគេ ទៅលើដំណោះស្រាយឆ្លងតបនឹងវីរុសនេះជាការល្អជាង៕