(ប៉េកាំង)៖ រដ្ឋបាលទីក្រុងប៉េកាំងនៃប្រទេសចិនបានប្រកាសថា នឹងបរិច្ចាគសម្ភារៈវេជ្ជសាស្រ្តឲ្យទៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង, ទីក្រុងតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់, ទីក្រុងតូក្យូ ព្រមទាំងទីក្រុងយ៉ូកូហាម៉ានៃប្រទេសជប៉ុន ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល COVID-19 នៅក្នុងទីក្រុងទាំងនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។

យោងតាមមន្រ្តីនៃរដ្ឋបាលក្រុងប៉េកាំង លោក លី យី (Li Yi) សម្លៀកបំពាក់ការពារខ្លួនប្រមាណ ២០០,០០០ឈុត, ស្រោមដៃ ១០០,០០០គូ, ទ្រនាប់ ស្រោបការពារស្បែកជើង ២០០,០០០គូ និងមួកផ្លាស្ទិកស្រោបក្បាលចំនួន ២០០,០០០មួក នឹងត្រូវប្រគល់ទៅកាន់ទីក្រុងទាំងប៉ុន្មានខាងលើនេះ នៅក្នុងពេលឆាប់ៗ។ ចំណែកឯទឹកលាងដៃសម្លាប់មេរោគ ឧបករណ៍ធ្វើតេស្តសំណាក ឧបករណ៍ស្ទង់កម្តៅ និងម៉ាស៊ីនជំនួយការដកដង្ហើម នឹងស្ថិតក្នុងចំណោមសម្ភារៈវេជ្ជសាស្រ្តជាច្រើនផ្សេងទៀត ដែលត្រូវបរិច្ចាគផងដែរ។

លោក Li បានគូសបញ្ជាក់ថា ទីក្រុងប៉េកាំងពិតជាអរគុណខ្លាំងណាស់ សម្រាប់ការលើកទឹកចិត្តក៏ដូចជាការជួយបរិច្ចាគ ពីសំណាក់ទីក្រុងជាច្រើន នៅជុំវិញពិភពលោក ដែលមានសម្ព័ន្ធភាពជាមួយគ្នា គិតចាប់តាំងតែពីការផ្ទុះរាលដាលនៃ COVID-19 ហើយឥឡូវស្របពេលដែល ការផ្ទុះរាលដាលខ្លាំងនៅក្នុងប្រទេសចិន ត្រូវគ្រប់គ្រងបានហើយនោះ ប៉ុន្តែប្រទេសដទៃទៀតនៅជុំវិញពិភពលោក កំពុងតែទទួលរងគ្រោះខ្លាំង ទីក្រុងប៉េកាំងចង់ជួយទីក្រុងទាំង ៤ខាងលើ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះវិញ។

គួរជម្រាបថា គិតមកទល់ពេលនេះ ទីក្រុងប៉េកាំងទទួលបានការបរិច្ចាគម៉ាសយ៉ាងតិច ១.១៣លាន, ឈុតការពារខ្លួន ២២០,០០០សំរាប់, និងស្រោមដៃ ៧៥០,០០០គូ ក្នុងចំណោមសម្ភារៈវេជ្ជសាស្រ្តជាច្រើនទៀតពីអន្តរជាតិ៕