(ស៊ីដនី)៖ អូស្រ្តាលីកំពុងត្រៀមកិច្ចប្រជុំពិសេសមួយ នៅថ្ងៃអាទិត្យនេះ រវាងនាយករដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំនៃរដ្ឋនិងដែនដី ទាំងអស់របស់អូស្រ្តាលី ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដែលបានកើនលើសពី២៥០ករណីហើយ នៅក្នុង ប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

នៅថ្ងៃនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលសហព័ន្ធ ព្រមទាំងបណ្តារដ្ឋនិងដែនដីរបស់ប្រទេសអូស្រ្តាលី នឹងជួបពិភាក្សាគ្នាជាលើកដំបូង ពីចម្ងាយតាមរយៈប្រព័ន្ធទូរស័ព្ទ ជុំវិញវិធានការឆ្លើយតបបន្ថែមទៀត ចំពោះបញ្ហារីករាលដាលនៃ COVID-19។ ចំណុចដែលអាច នឹងត្រូវលើកទៅមកពិភាក្សា រួមមានថាតើ សាលារៀនគួរតែត្រូវបិទទ្វារជាបណ្តោះអាសន្នឬយ៉ាងណា ហើយគួរតែមានការរឹតបន្តឹង ការចេញ-ចូលព្រំដែនឲ្យកាន់តែខ្លាំងដែរឬអត់ ជាដើម។

គួរជម្រាបថា កន្លងមក រដ្ឋាភិបាលអូស្រ្តាលីបានចេញសេចក្តីណែនាំរួចហើយ ពុំឲ្យមានការប្រមូលផ្តុំគ្នាដែលមានមនុស្សច្រើនជាង ៥០០នាក់ចូលរួម ប៉ុន្តែពុំទាន់មានចំណាត់ការអ្វីមួយលើសាលារៀន អាកាសយានដ្ឋាន ឬមធ្យោបាយធ្វើដំណើរសាធារណៈឡើយ ៕