(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៥៣ករណីបន្ថែមទៀត នៅទូទាំងប្រទេស ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះកើនដល់ ១០,៣៨៤ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។

កូរ៉េខាងត្បូង ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតដោយសារជំងឺ COVID-19 នៅអាស៊ីបន្ទាប់ចិន ឥឡូវនេះបានស្គាល់នូវអត្រាអ្នកឆ្លងថ្មីៗប្រចាំថ្ងៃស្ថិតនៅខ្ទង់៥០លើសខ្វះតិចតួច សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នាមកហើយ។ ហើយក្នុងចំណោមករណីឆ្លងថ្មីៗ នាប៉ុន្មានថ្ងៃចុងក្រោយនេះទៀតសោត គឺមានមួយផ្នែកជាករណីនាំចូលពីប្រទេសខាងក្រៅ តួយ៉ាងដូចជាករណីឆ្លងថ្មីៗទាំង ៥៣ករណី ដែលបានរាយការណ៍នៅថ្ងៃពុធនេះជាដើម គឺមាន ១៤ករណីជាករណីនាំចូលពីក្រៅ។

ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ប្រាប់ដែរថា សម្រាប់រយៈពេលដដែលខាងលើ កូរ៉េខាងត្បូងក៏មានអ្នកជំងឺ ដែលបានជាសះស្បើយឡើងវិញចំនួន ៨២នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសរុបកើនដល់ ៦,៧៧៦ករណីនៅទូទាំងប្រទេស។

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី ០៣ ខែមករា រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាពលរដ្ឋរបស់ខ្លួនសរុបប្រមាណជាង ៤៨៦,០០០នាក់នៅទូទាំងប្រទេស ក្នុងចំណោមនោះ ៤៥៧,៧៦១នាក់មានលទ្ធផល «អវិជ្ជមាន» ខណៈ១៧,៨៥៨នាក់ផ្សេងទៀត កំពុងតែស្ថិតក្នុងការតាមដានសុខភាព។

ទោះបីជាកូរ៉េខាងត្បូង បានក្លាយជាប្រទេសមានភាពធូរស្រាល ជាក់ស្តែងពីការវាយប្រហារដោយជំងឺ COVID-19 បន្តិចទៅហើយក្តី ក៏ប្រទេសនេះ នៅតែមិនបន្ធូរដៃក្នុងការតាមដាន និងធ្វើតេស្តរកអ្នកឆ្លងនោះដែរ ព្រោះមួយរយៈចុងក្រោយនេះ ករណីនាំចូលជំងឺពីក្រៅប្រទេស និងការកើតមានករណីឆ្លងជាចង្កោមតូចៗ នៅតែបន្តកើតមានឡើង៕