(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 ក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៣,៨៤២ករណីហើយ ក្នុងនោះមនុស្សសរុប ៣២៧នាក់ស្លាប់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ នេះតែម្តង។

 

២៖ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤,៤២៨ករណីហើយ ក្រោយពីអ្នកឆ្លងជំងឺនេះ ២៣៣នាក់ថ្មីទៀត ទើបត្រូវបានប្រកាសចេញនៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ នេះតែម្តង។

 

៣៖ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ឲ្យដឹងថា ភ្នំភ្លើងមួយដែលមានឈ្មោះថា អាណាក់ ក្រាកាតាវ (Anak Krakatau) ដែលស្ថិតនៅក្នុងខេត្ត ឡាំភុង (Lampung) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង។

 

៤៖ នាយករដ្ឋមន្ត្រីអ៉ីតាលីលោក ហ្គីសេបប៉េ ខុនតេ (Giuseppe Conte) កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងរ៉ូម) បានប្រកាសពីការសម្រេចចិត្ត ពង្រីកថេរវេលានៃការអនុវត្តវិធានការបិទទ្វារប្រទេស នៅចំពោះមុខជំងឺ COVID-19 រហូតដល់ថ្ងៃទី០៣ ខែឧសភាខាងមុខ។

 

៥៖ សាកលវិទ្យាល័យអាមេរិក ចន ហបឃីន (Johns Hopkins) បានបញ្ជាក់ឲ្យដឹងថា ចំនួនមនុស្សស្លាប់នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅទូទាំងសហរដ្ឋអាមេរិក មានចំនួនរហូតដល់ ២,១០៨នាក់បន្ថែមទៀត ដែលជាតួលេខស្លាប់ច្រើនបំផុតប្រចាំថ្ងៃដំបូងគេលើលោក។

 

៦៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៤៦ករណីបន្ថែមទៀតនៅទូទាំងប្រទេសតែម្តង។ ប៉ុន្តែក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤៦ករណីនេះមានតែ ០៤ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស៕