(កាលីហ្វ័រញ៉)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥.៣រ៉ិចទ័រ បានកើតឡើងនៅចំងាយ៣០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ ទីក្រុង Bodie រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន People's Daily នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ ប៉ុន្តែ គ្រោះរញ្ជួយដីនេះ កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិក កំពុងរងគ្រោះធ្ងន់ធ្ងរ ជាងគេនៅលើពិភពលោក ដោយសារតែ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិក ១៨,៧២៥នាក់ និងឆ្លង ៥០២,៣១៨ករណី ខណៈ២៧,៣១៤នាក់ បានជាសះស្បើយឡើងវិញ៕