(ញូដេលី)៖ អភិបាលរដ្ឋ Delhi កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បាននិយាយថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាន សម្រេចពន្យារវិធានការបិទប្រទេសដើម្បីទប់ទល់ការឆ្លងរាលដាលនៃ COVID-19 ខណៈវាត្រូវបញ្ចប់នៅថ្ងៃអង្គារសប្តាហ៍ក្រោយ នេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០។

អភិបាលរដ្ឋ Delhi លោក Arvind Kejriwal បានលើកឡើងថា លោក Modi បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការពន្យារវិធានការ បិទប្រទេស។ យ៉ាងណាមិញ លោកពុំបានបញ្ជាក់លម្អិតអ្វីលើសពីនេះឡើយ ដូចជាថាតើវានឹងត្រូវពន្យារដល់ពេលណា ប៉ុន្តែការ អះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក Modi បានធ្វើសន្និសីទតាមប្រព័ន្ធវីដេអូមួយជាមួយបណ្តាអភិបាលរដ្ឋនៃប្រទេសឥណ្ឌា។

គួរជម្រាបថា វិធានការបិទប្រទេស ដែលប្រជាជនរស់នៅដល់ទៅ១.៣ពាន់លាននាក់នេះ មានរយៈពេលសរុប២១ថ្ងៃ ដោយវាត្រូវ បញ្ចប់នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះហើយ តែកន្លងមកអភិបាលរដ្ឋមួយចំនួនបានទទូចស្នើសុំឲ្យពន្យារបន្តទៀត ខណៈបច្ចុប្បន្ន ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា មាន៨,៤៤៦នាក់ ក្នុងនោះ២៨៨នាក់បានស្លាប់។

កន្លងមក ឥណ្ឌាបានដាក់ចេញនូវការពិន័យយ៉ាងតឹងរ៉ឹង ចំពោះអ្នកដែលហ៊ានប្រព្រឹត្តល្មើសវិធានការនេះ រួមមានការដាក់ពន្ធនាគារ និងការពិន័យជាប្រាក់ជាដើម។ មិនតែប៉ុណ្ណោះ ប៉ូលិសឥណ្ឌាក៏បានសម្រេចប្រើធម៌ក្តៅ ដោយយករំពាត់វាយទៅលើអ្នកដែលហ៊ាន បំពានវិធានការបិទប្រទេសនេះថែមទៀត ស្របពេលដែលអ្នកខ្លះត្រូវបានឃាត់ខ្លួន រីឯខ្លះទៀតត្រូវបានដកហូតយានជំនិះបណ្តោះ អាសន្ន។ នៅពេលប្រកាសពីការសម្រេចបិទប្រទេស នាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi ធ្លាប់បានសង្កត់ធ្ងន់ថា ដើម្បីអាចយកឈ្នះ ការរាតត្បាតនៃជំងឺ COVID-19 ដ៏កាចសាហាវបាន ប្រជាពលរដ្ឋឥណ្ឌាគ្រប់រូបគួរចូលរួមគោរពវិធានការនេះទាំងអស់គ្នា៕