(ប្រេស៊ីល)៖ អតីតយុទ្ធជនសម័យសង្រ្គាមលោកលើកទីពីរ លោកតា Ermando Piveta មានវ័យ៩៩ឆ្នាំ បានក្លាយជាអ្នកជំងឺ COVID-19 មានវ័យចំណាស់ជាងគេ នៅក្នុងប្រទេសប្រេស៊ីល ដែលបានជាសះស្បើយពី COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន France 24 នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

លោកតា Piveta ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យយោធា ក្នុងទីក្រុង Brasilia កាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ក្រោមការអបសារទ យ៉ាងកក់ក្ដៅ។ ថ្លែងនាឱកាសនោះ លោកតា Piveta បានលើកឡើងដូច្នេះថា៖ «សម្រាប់ខ្ញុំ! ទទួលបានជ័យជម្នះលើសមរភូមិនេះ (COVID-19) គឺជាជាជ័យជម្នះ ធំធេងជាងសមរភូមិសង្រ្គាមទៅទៀត...នៅក្នុងសមរភូមិសង្រ្គាមអ្នកមានផ្លូវតែពីរគត់ រស់ និងស្លាប់ រីឯនៅក្នុងសមរភូមិCOVID-19 អ្នកត្រូវតែប្រយុទ្ធដើម្បីរស់»។

លោក Ermando Piveta ត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 កាលពីជាងពីរសប្ដាហ៍មុន និងបានចំណាយពេលក្នុងបន្ទប់សង្រ្គោះបន្ទាន់ពីរថ្ងៃ ក្រោយមានរោគសញ្ញា រលាកសួត។ ប៉ុន្តែ បានជាសះស្បើយឡើងវិញ ដោយសារតែសុខភាព និងរាង្គកាយលោកតា មានភាពរឹងមាំ។ នេះបើតាមក្រុមគ្រូពេទ្យ។

គួរជម្រាបថា បើតាមគេហទំព័រ worldometers ប្រេស៊ីល មានអ្នកឆ្លង COVID-19 ២៥,៧៥៨នាក់ ក្នុងនោះស្លាប់ ១,៥៥៧នាក់ និងជាសះស្បើយឡើងវិញ ១៤,០២៦នាក់ គិតត្រឹមថ្ងៃពុធម្សិលមិញ៕