(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យរដ្ឋាភិបាលលោក ផ្អាកការផ្តល់ថវិកាទៅកាន់អង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីរូបលោកបានគំរាមធ្វើយ៉ាងដូច្នោះ នៅចំពោះមុខការរាតត្បាតនៃ ជំងឺឆ្លងដ៏កាចសាហាវ COVID-19។

២៖ អតីតយុទ្ធជនសម័យសង្រ្គាមលោកលើកទីពីរ លោកតា Ermando Piveta មានវ័យ៩៩ឆ្នាំ បានក្លាយជាអ្នកជំងឺ COVID-19 មានវ័យចំណាស់ជាងគេ នៅក្នុងប្រទេសប្រេស៊ីល ដែលបានជាសះស្បើយពី COVID-19។

៣៖ លោក ប៊ីល ហ្គេត (Bill Gates) ដែលជាកំពូលមហាសេដ្ឋកិច្ចអាមេរិក បានចេញមុខអះអាងថា គ្មានអង្គការណាមួយ អាចមកជំនួស ឲ្យអង្គការសុខភាពពិភពលោក (WHO) បានទេ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ខណៈពិភពលោកទាំងមូលនាពេលឥឡូវនេះ កំពុងត្រូវការអង្គការមួយនេះលើសពីពេលណាទាំងអស់។

៤៖ អ្នកវិទ្យាសាស្រ្តបារាំងមួយក្រុមបានអះអាងថា មេរោគកូរ៉ូណាថ្មី ឬ COVID-19 អាចធន់ទ្រាំនឹងកម្តៅកម្រិតខ្ពស់បានរយៈពេលយូរ គឺទាល់តែសីតុណ្ហភាពដល់ទៅជិត១០០អង្សាសេ ទើបអាចកម្ចាត់មេរោគនេះទាំងស្រុង។

៥៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានរកឃើញ COVID-19 ២៣០ករណីបន្ថែម និងអ្នកស្លាប់ថ្មី១៤នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ។

៦៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៣០ ករណីបន្ថែមទៀត និងអ្នកស្លាប់២នាក់៕