(អឺរ៉ុប)៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្មានហេតុផល ដើម្បីកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុដល់ អង្គការសុខភាពពិភពលោក (WHO) នោះទេ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC News នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានបញ្ជាក់ទៀតថា ប្រទេសជាសមាជិកទាំង២៧ ពិតជាសោកស្ដាយជាខ្លាំង ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការប្រកាសផ្ដាច់ហិរញ្ញវត្ថុដល់ WHO។ លោក Borrell បន្ថែមដូច្នេះថា៖ «ការសម្រេចចិត្តផ្ដាច់ជំនួយ ហិរញ្ញវត្ថុដល់អង្គការ WHO របស់សហរដ្ឋអាមេរិក គឺជារឿងគួរឱ្យសោកស្ដាយបំផុត។ វាគ្មានហេតុផលទាល់តែសោះដែលត្រូវធ្វើបែបនេះ នៅក្នុងកាលៈទេសៈ ដែលយើងកំពុងត្រូវការអង្គការមួយនេះ លើសពេលណាទាំងអស់ ដើម្បីប្រយុទ្ធជាមួយ COVID-19»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាប្រទេសមានអ្នកស្លាប់ និងឆ្លង COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក តាមរយៈលោក ដូណាល់ ត្រាំ បានប្រកាសផ្ដាច់ ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក (WHO) តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកចោទថាទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ លម្អៀតទៅរកចិន និងគ្មានតម្លាភាព៕