(ប៉ារីស)៖ រដ្ឋាភិបាលបារាំង នឹងផ្ដល់ប្រាក់បន្ថែមចាប់ពី ៥៤៤ដុល្លារ ដល់ ១,៦៣៤ដុល្លារ ដល់បុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធនេះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានឱ្យដឹងថា បុគ្គលិកមន្ទីរពេទ្យ នឹងទទួលបាន ប្រាក់បន្ថែមពីលើប្រាក់ខែរបស់ពួកគេ ៥៤៤ដុល្លារ ហើយបុគ្គលិកពេទ្យ ដែលកំពុងធ្វើការដោយផ្ទាល់ នៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 នឹងទទួលបាន ប្រាក់បន្ថែម ១,៦៣៤ដុល្លារ។ ចំណែកឯ បុគ្គលិកសុខាភិបាល ដែលធ្វើការលើសម៉ោង នឹងទទួលបានប្រាក់បន្ថែមម៉ោង៥០ភាគរយ ខណៈមន្ត្រីរាជការស៊ីវិល ក៏នឹងទទួលបានប្រាក់លើកទឹកចិត្ត១,០៨៧ដុល្លារ ក្នុងមួយនាក់ផងដែរ។

គួរជម្រាបថា បើតាមគេហទំព័រ worldometers បារាំងមានអ្នកឆ្លង COVID-19 ១៤៣,៣០៣នាក់ ក្នុងនោះស្លាប់ ១៥,៧២៩នាក់ និងជាសះស្បើយ ២៨,៨០៥នាក់៕