(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនត្រឹមតែ ១៨ករណីប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះកើនដល់ ១០,៦៥៣ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។

កូរ៉េខាងត្បូងដែលធ្លាប់ត្រូវបានគេចាត់ទុកថា ជាប្រទេសបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺ COVID-19 នៅអាស៊ីបន្ទាប់ពីចិននោះ ឥឡូវនេះបានស្គាល់នូវអត្រាអ្នកឆ្លងថ្មីៗប្រចាំថ្ងៃ ស្ថិតនៅក្រោមខ្ទង់ ២០នាក់ ជាលើកដំបូងក្នុងរយៈពេលប្រហែលជា ពីរខែកន្លងមកនេះ។ ដូច្នេះមានន័យថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីបួននៅអាស៊ីមួយនេះ បានស្គាល់អត្រាអ្នកឆ្លងថ្មី ដែលស្ថិតនៅក្រោមខ្ទង់ ៣០ រយៈពេល ០៦ ថ្ងៃជាប់ៗគ្នាហើយ។

ក្នុងចំណោមករណីឆ្លងថ្មីៗ នាប៉ុន្មានថ្ងៃចុងក្រោយនេះទៀតសោត គឺមានមួយផ្នែកជាករណីនាំចូលពីប្រទេសខាងក្រៅ តួយ៉ាងដូចជាករណីឆ្លងថ្មីៗទាំង ១៨ករណី ដែលបានរាយការណ៍ នៅថ្ងៃសៅរ៍រនេះជាដើមគឺមាន ០៩ករណីជាករណីនាំចូលពីក្រៅ។

ទន្ទឹមនឹងនោះ អ្នកជំងឺ ដែលបានជាសះស្បើយឡើងវិញ នៅក្នុងរយៈពេលដដែលនេះមានចំនួន ១០៨នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសរុបកើនដល់ ៧,៩៣៧ករណី ឬស្មើនឹងជាង ៧៤.៥ភាគរយនៃករណីអ្នកឆ្លងសរុបនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ករណីស្លាប់ថ្មីមាន ០២នាក់ថ្មីទៀត ដែលបាននាំឲ្យចំនួនករណីស្លាប់នៅទូទាំងប្រទេស កើនដល់ ២៣២នាក់។

គួរជម្រាបថា កូរ៉េខាងត្បូងបានចាប់ផ្តើមមានការផ្ទុះរាលដាលខ្លាំងនៃ COVID-19 នៅពេលចង្កោមក្រុមអ្នកឆ្លងដ៏ធំមួយ ត្រូវបានរកឃើញនៅក្នុង ទីក្រុងដេគូ (Daegu) ដែលមានប្រជាជនរស់នៅប្រមាណ ២.៥លាននាក់។ ទីក្រុងនេះនិងខេត្ត គ្យុងសាងខាងជើង (North Gyeongsang) ដែលនៅជាប់គ្នាទទួល បន្ទុករ៉ាប់រងជាង ៨០ភាគរយនៃចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស។ គិតចាប់តាំងពីដើមឆ្នាំនេះ កូរ៉េខាងត្បូងបានធ្វើតេស្តរកមើល COVID-19 លើមនុស្សច្រើនជាង ៥៥៤,០០០នាក់ ក្នុងចំណោមនោះ ៥៣០,៦៣១នាក់មាន លទ្ធផលអវិជ្ជមាន ខណៈ ១៣,៥៥០នាក់កំពុងស្ថិតក្នុងការតាមដាន៕