(អេស្ប៉ាញ)៖ ក្រសួងសុខាភិបាលអេស្ប៉ាញបានប្រកាសថា ចំនួនមនុស្សស្លាប់ដោយសារតែ ជំងឺរាតត្បាតសកល នៅក្នុងប្រទេសអឺរ៉ុបមួយនេះ បានកើនឡើងដល់ ២០,០០២នាក់ហើយ នៅក្នុងចំណោមករណីឆ្លងសរុប ដែលបានកើនឡើងដល់ ១៩០,៨៣៩ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។

បើពិនិត្យមើលតួលេខខាងលើនេះ ប្រទេសអេស្ប៉ាញនៅតែឈរលេខរៀងទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតក្នុងលោក និងលេខ ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីតាល ជាប្រទេសដែលមានមនុស្សស្លាប់ច្រើនបំផុត នៅក្នុងពិភពលោកផងដែរ។ ខាងក្រោមនេះជាតួលេខប្រទេសធំៗទាំង ៣ ដែលមានករណីស្លាប់ដោយសារ COVID-19 លើស២ម៉ឺនករណី៖

១៖ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ៧១០,២៧២ករណី ក្នុងនោះស្លាប់ ៣៧,១៧៥នាក់ និងជាសះស្បើយឡើងវិញ ៦៣,៥១០នាក់។

២៖ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងសរុប ១៩០,៨៣៩ករណី ក្នុងនោះស្លាប់ ២០,០០២នាក់ និងជាសះស្បើយឡើងវិញ ៧៤,៧៩៧នាក់។

៣៖ ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុប ១៧២,៤៣៤ករណី ក្នុងនោះស្លាប់ ២២,៧៤៥នាក់ និងជាសះស្បើយឡើងវិញ ៤២,៧២៧នាក់៕