(ម៉ានីល)៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីនលោក ខាឡូស ដូមីងហ្គែស (Carlos Dominguez) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួនបានបញ្ជូនសំរាម ជាប្រភេទកាកសំណល់វត្ថុធាតុដើមរបស់កូរ៉េខាងត្បូងចំនួន ២,៦៧៦តោន ដែលត្រូវបានរក្សាទុកតាំងពីឆ្នាំ ២០១៨ មកម្ល៉េះនោះទៅឲ្យប្រទេសដើមវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍លោក Dominguez បានគូសបញ្ជាក់ថា កាកសំណល់វត្ថុធាតុដើមចំនួន ២,៦៧៦តោនខាងលើនេះ គឺជាផ្នែកមួយនៃចំនួនកាកសំណល់សរុបទាំងជាង ៥,០០០តោន ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ប្តេជ្ញាជួយដឹកជញ្ជូនយកត្រឡប់ទៅប្រទេសពួកគេវិញ បន្ទាប់ពីកាកសំណល់ទាំងនេះ ត្រូវបាននាំចូលប្រទេសហ្វីលីពីនខុសច្បាប់ កាលពីឆ្នាំ២០១៨។

កាកសំណល់ខាងលើ គឺជាប្រភេទបន្ទះស្តើងៗនៃផ្លាស្ទិចសំយោគ ត្រូវបាននាំចូលដោយខុសច្បាប់ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានមូលដ្ឋាននៅខេត្តសេប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីន។ សំរាមទាំងនោះត្រូវបានដឹកបញ្ជូនត្រឡប់ទៅប្រទេសដើមវិញចំនួន ១៥១កុងតឺន័រហើយ ដោយបានបែងចែកជាបីលើក។

គួរជម្រាបថា កាលពីឆ្នាំមុនប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានបញ្ជាឲ្យហាមឃាត់ការនាំចូល រាល់កាកសំណល់ពីប្រទេសខាងក្រៅទាំងអស់។ ការសម្រេចនេះត្រូវបានធ្វើឡើង បន្ទាប់ពីសំរាមរបស់កាណាដាចំនួន ១០៣កុងតឺន័រ ត្រូវបានដឹកបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ៕