(ពិភពលោក)៖ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សិង្ហបុរីនាថ្ងៃពុធនេះ បានប្រកាសពីរកឃើញអ្នកឆ្លង COVID-19 ចំនួន១,០១៦នាក់ថែមទៀត ដែលធ្វើឲ្យករណីឆ្លងសរុបទូទាំង ប្រទេសកើនដល់១០,១៤១នាក់។

 

២៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានអះអាងថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបយោធាមួយចូលទៅកាន់គន្លងតារាវិថី ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ បន្ទាប់ពីបរាជ័យក្នុងការបាញ់បង្ហោះបែបនេះជាច្រើនលើក។

 

៣៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១៥ករណីបន្ថែមទៀត និងអ្នកស្លាប់ម្នាក់ ដែលចំនួននេះជាអត្រាឆ្លងប្រចាំថ្ងៃដ៏ទាបមួយ គិតចាប់តាំងពីប្រទេសថៃត្រូវបានដាក់ក្នុងគ្រាមានអាសន្ន ដើម្បីទប់ទល់ នឹងការរាតត្បាតនៃ COVID-19។

 

៤៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីនលោក ខាឡូស ដូមីងហ្គែស (Carlos Dominguez) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួនបានបញ្ជូនសំរាម ជាប្រភេទកាកសំណល់វត្ថុធាតុដើមរបស់កូរ៉េខាងត្បូងចំនួន ២,៦៧៦តោន ដែលត្រូវបានរក្សាទុកតាំងពីឆ្នាំ ២០១៨ មកម្ល៉េះនោះទៅឲ្យប្រទេសដើមវិញ។

 

៥៖ ទីភ្នាក់ងារទទួលបន្ទុកវិស័យអវកាសនៃប្រទេសចិន CNSA បានឲ្យដឹងថា បេសកកម្មលើកដំបូងរបស់ចិនឆ្ពោះទៅកាន់ភពអង្គារ (Mars) នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះហើយ។

 

៦៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសឥណ្ឌាបានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៣៧នាក់បន្ថែមទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ ខណៈករណីឆ្លងថ្មីៗចំនួន ៩៩៩ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។