(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាននិយាយថាលោកបានណែនាំឱ្យកងនាវាអាមេរិក បាញ់កម្ទេចទូក ឬនាវា ប្រយុទ្ធគ្រប់ប្រភេទទាំងអស់ ដែលហ៊ានរំខាន ឬបង្កគ្រោះថ្នាក់ដល់នាវាអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសារបង្ហោះលើ Twitter លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំបានណែនាំ ឱ្យកងនាវាអាមេរិកបាញ់ប្រហារ និងកម្ទេចរាល់ទូក និងនាវាប្រយុទ្ធអ៉ីរ៉ង់ទាំងឡាយណា ដែលហ៊ានបង្កការរំខាន ឬគ្រោះដល់នាវារបស់យើងនៅឯតំបន់សមុទ្រ»

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ តែមួយសប្ដាហ៍បន្ទាប់ពីទូកប្រយុទ្ធបំពាក់ដោយកាំភ្លើងយន្ដរបស់អ៉ីរ៉ង់ចំនួន១១គ្រឿង បានធ្វើដំណើរចូល មកក្បែរ និងឡោមព័ន្ធនាវាចម្បាំងអាមេរិក នៅឯតំបន់ឈូងសមុទ្រ និងតែប៉ុន្មានប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់អះអាងថាបាញ់បាញ់បង្ហោះផ្កាយរណបយោធា ដំបូងបំផុត ដោយជោគជ័យចូលទៅកាន់គន្លងតារាវិថី៕