(វ៉ាស៊ីនតោន)៖ ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចកើនឡើងដល់ច្រើនជាង៧៤,០០០នាក់ នៅខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមការព្យាករណ៍ទុកជាមុន របស់សាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ គំរូព្យាករណ៍របស់វិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាព (IHME) នៃសកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន បង្កើនការព្យាករណ៍នៃចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនដល់៧៤,០៧៣ នាក់ នៅត្រឹមថ្ងៃទី០៤ ខែសីហា ខណៈកាលពីមួយសប្តាហ៍មុន ចំនួនដែលត្រូវបានព្យាករណ៍សម្រាប់កាលបរិច្ឆេទដដែលគឺ៦៧,០០នាក់ ហើយកាលពី២សប្តាហ៍មុនគឺ ៦០,០០០នាក់។

អគ្គនាយកវិទ្យាស្ថាន IHME លោក គ្រីស្តូហ្វឺ ម៉ឺរេ (Christopher Murray) បានព្រមានថា ចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ ប្រសិនបើរដ្ឋនានារបស់សហរដ្ឋអាមេរិក បើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនលឿនរហ័សពេក។ ទោះជាយ៉ាងណា រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកបានបន្ធូរបន្ថយវិធានការរឹតត្បិតនេះ រួចស្រេចទៅហើយ ខណៈរដ្ឋជាច្រើនទៀតកំពុងត្រៀមខ្លួនធ្វើដូចគ្នា។

គួរជម្រាបថា បទបញ្ជាស្នាក់នៅតែក្នុងផ្ទះដែលចេញដោយអភិបាលនៅទូទាំងសហរដ្ឋអាមេរិក និងការសម្រេចចិត្តជាបន្តបន្ទាប់ដើម្បីបើកដំណើរការសេដ្ឋកិច្ចរបស់រដ្ឋឡើងវិញ បានប្រែក្លាយទៅជាបញ្ហានយោបាយដែលត្រូវបានចោទសួរយ៉ាងខ្លាំង នៅប៉ុន្មានចុងក្រោយនេះ ដោយសារតែវិធានការនេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទាំងមូលយ៉ាងខ្លាំង។

គិតត្រឹមថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីអ្នកឆ្លងជំងឺ COVID-19 លើសពី១លានករណីហើយ ក្នុងនោះស្លាប់ជាង ៥.៦ម៉ឺននាក់ និងជិត១៤ម៉ឺននាក់បានជាសះស្បើយឡើងវិញ៕