(យូអិន)៖ ទីក្រុងប៉េកាំងបានលើកឡើងថា សហរដ្ឋអាមេរិកបានលូកលាន់ផ្តេសផ្តាស ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន តាមរយៈការថ្លែងគាំទ្រដោយបើកចំហ ឲ្យកោះតៃវ៉ាន់ចូលរួមក្នុងអង្គការសហប្រជាជាតិ (UN) ដោយទង្វើបែបនេះប្រទេសចិនជំទាស់ដាច់ខាត។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យបេសកកម្មការទូតរបស់ចិនប្រចាំនៅ UN បាននិយាយដូច្នេះថា «ក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី០១ ខែឧសភា ឆ្នា២០២០ បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅ UN បានសម្តែងការគាំទ្រយ៉ាងបើកចំហឲ្យតៃវ៉ាន់ចូលរួមក្នុង UN ដែលទង្វើនេះការជាការបំពានយ៉ាងធ្ងន់ធ្ងរលើ សេចក្តីសម្រេចលេខ ២៧៥៨ របស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA), សេចក្តីថ្លែងការណ៍រួមទាំង ៣ រវាងចិន និងសហរដ្ឋអាមេរិក និងអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីរបស់ប្រទេសចិន»

អ្នកនាំពាក្យខាងលើបានបន្តថា «ចិនជំទាស់ដាច់ខាតចំពោះទង្វើបែបនេះ និងទទូចឲ្យសហរដ្ឋអាមេរិក គោរពតាមគោលនយោបាយចិនតែមួយ, គោរពចំពោះសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ, ចំពោះសេចក្តីសម្រេចរបស់ UNGA ហើយបញ្ឈប់ជាបន្ទាន់នូវការកាន់ជើងកោះតៃវ៉ាន់»

ជាចុងក្រោយអ្នកនាំពាក្យចិនដដែលបានបញ្ជាក់ថា នៅលើពិភពលោកនេះ ចិនគឺមានតែមួយប៉ុណ្ណោះ ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ ឬបំបែកចេញពីប្រទេសចិនបានឡើយ៕