(បាកដាដ)៖ កងទ័ពអុីរ៉ាក់បានរាយការណ៍ឲ្យដឹងថា នៅថ្ងៃពុធនេះមានគ្រាប់រ៉ុក្កែតប្រភេទ Katyusha ចំនួន ០៣គ្រាប់បានធ្លាក់នៅក្បែរអាកាសយាន្តដ្ឋានអន្តរជាតិបាកដាដ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់អ្វីឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
ការិយាល័យសារព័ត៌មាន នៃទីបញ្ជាការប្រតិបត្តិការចម្រុះរបស់អុីរ៉ាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា បន្ទាប់ពីការវាយប្រហារដែលបានកើតឡើងនៅពេលព្រឹកព្រហាមនាថ្ងៃពុធនេះ កងកម្លាំងរក្សាសន្តិសុខអុីរ៉ាក់បានយុទ្ធនាការរុករក នៅតំបន់ក្បែរអាកាសយានដ្ឋាន ហើយក៏បានប្រទះឃើញឧបករណ៍បាញ់គ្រាប់រ៉ុក្កែតមួយគ្រឿង ដែលមានបំពាក់ជាមួយនឹងឧបករណ៍កំណត់ពេលវេលា នៅឯសង្កាត់ al-Bakriyah ស្ថិតនៅភាគខាងលិចទីក្រុងបាកដាដ។
ទោះជាយ៉ាងណា ភ្លាមៗនេះ មិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវចំពោះការវាយប្រហារខាងលើនេះទេ។ ប៉ុន្តែជារើយៗ ក្រុមបះបោរអុីរ៉ាក់តែងតែវាយប្រហារទៅលើមូលដ្ឋានទ័ពអុីរ៉ាក់ ដែលមានវត្តមានកងទ័ពសហរដ្ឋអាមេរិក ក៏ដូចជាតំបន់បៃតងដែលមានការការពារខ្លាំងនៅចំកណ្តាលទីក្រុងបាដាដជាដើម។
គួរជម្រាបថា កងទ័ពអាមេរិកប្រមាណ ៥,០០០ នាក់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអុីរ៉ាក់ ដើម្បីជួយទំនុកបម្រុងដល់កងកម្លាំងអុីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ជាពិសេសសម្រាប់គោលបំណងបណ្តុះបណ្តាល និងប្រឹក្សាយោបល់ដល់ពួកគេ៕