(តូក្យូ)៖ នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសជប៉ុនបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ចំនួន ១០២នាក់បន្ថែមទៀត ដែលប្រការនេះធ្វើឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ១៥,៤៧៤ករណី (មិនបូកបញ្ចូលករណីឆ្លង ៧១២នាក់ នៅលើកប៉ាល់ Diamond Princess នោះឡើយ)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
បន្ថែមពីនេះ ចំនួនមនុស្សបាត់បង់ជីវិតដោយសារ COVID-19 ក៏បានកើនឡើងដល់ ៥៨៤នាក់ផងដែរ (បូកបញ្ចូលអ្នកស្លាប់ ១៣នាក់ ពីកប៉ាល់ Diamond Princess)។ សម្រាប់តំបន់ដែលរ៉ាប់រងករណីឆ្លង COVID-19 ច្រើនជាងគេនោះគឺនៅតែជាទីក្រុងតូក្យូ ជាមួយករណីឆ្លងសរុប ៤,៧៤៨ករណី និងបន្ទាប់មកគឺខេត្តអូសាកាមានសរុប ១,៦៩៨ករណី។
ដោយឡែកចំនួនអ្នកជាសះស្បើយវិញ បានកើនឡើងរហូតដល់ ៥,៥៦៩នាក់ (៦៥១នាក់មកពីកប៉ាល់ Diamond Princess)។ អាជ្ញាធរសុខាភិបាល ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ពេលនេះអ្នកជំងឺ ៣១២នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយខ្លះត្រូវបំពាក់ឧបករណ៍ជំនួយការដកដង្ហើម នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU)៕