(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០២ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលមកពីក្រៅប្រទេស។ ចំណែកឯករណីឆ្លងក្នុងស្រុកវិញ គឺគ្មានឡើយសូម្បីតែម្នាក់ នៅទូទាំងប្រទេសចិនដីគោកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្នុងចំណោម ០២ករណីដែលជាករណីនាំចូលពីក្រៅប្រទេសខាងលើនេះមាន ០១ករណីត្រូវបានរាយការណ៍ចេញពីទីក្រុងសៀងហៃ (Shanghai) និង ០១ករណីទៀតចេញពីខេត្តក្វាងទុង (Guangdong)។ ជាសរុប ចំនួនករណីនាំចូលពីក្រៅប្រទេស បានកើនដល់ ១,៦៨០ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,៤៣៤នាក់បានជាសះស្បើយឡើងវិញ ខណៈ ២៤៦នាក់ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ ក្នុងនោះ ០៥នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា មិនមានករណីស្លាប់ត្រូវបានរាយការណ៍ ក្នុងចំណោមករណីនាំចូលទាំងនោះទេ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ ក្រសួងសុខាភិបាលចិនបានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៩៥៧នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៤៦នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។
បើបូកបញ្ជូលទាំងករណីឆ្លងថ្មី ០២ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៨៨៥ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕