(បាកដាដ)៖ លោក មូស្តាហ្វា អាល់ខាឌីមី (Mustafa al-Kadhimi) នៅថ្ងៃពុធសប្ដាហ៍នេះ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ថ្មីហើយ បន្ទាប់ពីបញ្ចប់កិច្ចចរចានយោបាយ ដែលបានអូសបន្លាយអស់ជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសម័យប្រជុំពេញអង្គ ដែលមានការចូលរួមពីសមាជិកសភា ២៦៦រូប សភាអ៉ីរ៉ាក់ក៏បានអនុម័តផងដែរ ទៅលើសំណើតែងតាំងរដ្ឋមន្ត្រី ១៥រូបរបស់ លោក al-Kadhimi ក្នុងនោះរួមមានលោក អូតម៉ាន់ អាល់ហ្គាន់មមី (Othman al-Ghanmi) ជារដ្ឋមន្ត្រីមហាផ្ទៃ និងលោក ហ្គោម៉ាអា អ៉ីណេដ (Gomaa Enad) ជារដ្ឋមន្ត្រីការពារជាតិ។ ប៉ុន្តែតំណែងរដ្ឋមន្ត្រី ០៥រូបផ្សេងទៀត ត្រូវបានបដិសេធរួមមានរដ្ឋមន្ត្រីពាណិជ្ជកម្ម, យុត្តិធម៌, វប្បធម៌, កសិកម្ម និងអន្តោប្រវេសន៍, រដ្ឋមន្ត្រីប្រេង ខណៈតំណែងរដ្ឋមន្ត្រីការបទេស ក៏នៅទំនេរផងដែរ។
គួរជម្រាបថា លោក Al-Kadhimi មានអាយុ ៥៣ឆ្នាំ ធ្លាប់ដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីរ៉ាក់ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៦ ហើយនៅថ្ងៃទី០៩ ខែមេសា ទើបលោកប្រធានាធិបតីអ៉ីរ៉ាក់ បាហាម សាលីហ៍ (Barham Salih) តែងតាំងរូបលោកជានាយករដ្ឋមន្ត្រី ជំនួសលោក អេដណាន អាល់ហ្សួហ្វី (Adnan al-Zurfi) និងបានស្នើឱ្យលោកបង្កើតរដ្ឋាភិបាលថ្មី ក្នុងរយៈពេល ៣០ថ្ងៃ៕