(បាងកក)៖ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០៤នាក់ និងអ្នកជំងឺម្នាក់ទៀតបាត់បង់ជីវិត ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៣,០០៤ករណី ក្នុងនោះស្លាប់ ៥៦នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

សម្រាប់អ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតម្នាក់ទៀតនេះ គឺជាបុរសជនជាតិថៃអាយុ ៦៨ឆ្នាំរស់នៅក្នុងទីក្រុងបាងកក។ អាជ្ញាធរសុខាភិបាលថៃ ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ០៤នាក់នោះ គឺមានពីរនាក់រស់នៅខេត្តយ៉ាឡាភាគខាងត្បូងប្រទេស និងពីរនាក់ផ្សេងទៀត មិនទាន់មានការបញ្ជាក់ឡើយ។

គួរបញ្ជាក់ថា ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសថៃ ហាក់បានធូរស្បើយកាន់តែខ្លាំងហើយ ទើបបានជារដ្ឋាភិបាលអនុញ្ញាត ឲ្យការធ្វើពាណិជ្ជកម្មមួយចំនួនដំណើរការឡើងវិញ ប៉ុន្តែត្រូវស្ថិតនៅក្នុងលក្ខណៈប្រុងប្រយ័ត្នជាទីបំផុត៕