(ប៊ែរឡាំង)៖ ទិន្នន័យរបស់អាជ្ញាធរអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យបានបង្ហាញថា អត្រាឆ្លង COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះ ហាក់កំពុងកើនឡើង គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការសម្រេចបន្ធូរបន្ថយវិធានការរឹតត្បិត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Straits Times នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
យោងតាមវិទ្យាស្ថានអាល្លឺម៉ង់ រ៉ូប៊ឺត ខូច (Robert Koch) អត្រាចម្លងជំងឺ COVID-19 ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត (infection rate) នៅអាល្លឺម៉ង់កំពុងកើនឡើងវិញ ដែលមុនការសម្រេចឲ្យ កាត់បន្ថយវិធានការរឹតត្បិតនោះ អត្រាចម្លងនេះបានស្ថិតក្នុងកម្រិតទាបទៅហើយ។ ការលោតឡើងវិញនៃអត្រានេះ គឺបានកើតមានបន្ទាប់ពីអធិការបតីអាល្លឺម៉ង លោកស្រី អ៊ែនជែឡា មើគែល (Angela Merkel) កាលពីថ្ងៃពុធសប្តាហ៍មុន បានប្រកាសពីការបន្ធូរបន្ថយទ្រង់ទ្រាយធំ នូវវិធានការរឹតត្បិតទូទាំងប្រទេស ក្រោយលោកស្រីបានពិភាក្សា ជាមួយមេដឹកនាំរដ្ឋទាំង ១៦ របស់សហព័ន្ធអាល្លឺម៉ង់។
តាមរយៈការបន្ធូរបន្ថយខាងលើ រាល់ហាងទាំងអស់ត្រូវអនុញ្ញាតឲ្យបើកទ្វារឡើងវិញ ហើយសិស្សសាលាក៏អាចចាប់ផ្តើម ចូលសាលារៀនវិញជាបណ្តើរៗផងដែរ រីឯលីគបាល់ទាល់កំពូលៗរបស់អាល្លឺម៉ង់ នឹងចាប់ផ្តើមការប្រកួតជាថ្មី នៅចុងសប្តាហ៍នេះ។ យ៉ាងណាក៏ដោយ ទោះជាមានការបន្ធូរបន្ថយបែបនេះក៏ដោយ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ប្រជាជនអាល្លឺម៉ង់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាដើម្បីទាមទារ ឲ្យរដ្ឋាភិបាលបញ្ចប់ការរឹតត្បិតទាំងអស់តែម្តង។
គួរជម្រាបថា អាល្លឺម៉ង់គឺប្រទេសស្ថិតនៅលេខរៀងទី ៧ ដែលមានករណីឆ្លង COVID-19 ច្រើនជាងគេនៅលើពិភពលោក ដោយគិតត្រឹមថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ ករណីឆ្លងសរុបមាន ១៧១,៨៧៩ករណី ក្នុងនោះស្លាប់ ៧,៥៦៩នាក់ និងជាសះស្បើយវិញ ១៤៥,៦០០នាក់៕