(សិង្ហបុរី)៖ ក្រោយការត្រួតពិនិត្យឡើងវិញ អាជ្ញាធរសុខាភិបាលសិង្ហបុរីកាលពីថ្ងៃអាទិត្យបានរកឃើញថា ករណីឆ្លង COVID-19 ចំនួន ៣៣ករណី ដែលត្រូវបានធ្វើតេស្តវិជ្ជមាន តាមពិតគឺជាការចេញលទ្ធផលខុស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាលសិង្ហបុរីកាលពីម្សិលមិញ ក្រសួងដែលតែងធ្វើការត្រួតពិនិត្យជាប្រចាំ ទៅលើលទ្ធផលធ្វើតេស្ត COVID-19 ថ្មីៗនេះបានរកឃើញថា ករណីឆ្លងចំនួន ៣៣ ដែលមកពីមន្ទីរពិសោធន៍មួយកន្លែង គឺបានចេញ «លទ្ធផលវិជ្ជមានខុស» ដោយសារតែឧបករណ៍ធ្វើតេស្តមួយ របស់មន្ទីរពិសោធន៍នោះមានបញ្ហា។
គួរបញ្ជាក់ថា ចំពោះករណីឆ្លង ៣៣នាក់ខាងលើ ក្រោយពីត្រូវបានយកទៅធ្វើតេស្តឡើងវិញ នៅមន្ទីរសោធន៍សុខភាពសាធារណៈរបស់សិង្ហបុរី ក៏បានចេញលទ្ធផលត្រឹមត្រូវមកថា «អវិជ្ជមាន»។ ចំណែកមន្ទីរពិសោធន៍ ដែលធ្វើតេស្តចេញលទ្ធផលខុសនោះ បានផ្អាកការធ្វើតេស្តជាបណ្តោះអាសន្ន និងកំពុងធ្វើការជាមួយក្រសួងសុខាភិបាលសិង្ហបុរី ដើម្បីដោះស្រាយបញ្ហានៃឧបករណ៍តេស្តរបស់ខ្លួន៕