(ស៊ីដនី)៖ អ្នកជំនាញផ្នែកសុខាភិបាលរបស់អូស្រ្តាលី បានរិះគន់ធ្ងន់ៗលើប្រជាជនមួយចំនួនដែលមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ហើយបែរជានាំគ្នាធ្វើបាតុកម្មប្រឆាំងវិធានការរឹតត្បិត COVID-19 ត្រូវបានដាក់ចេញនោះទៅវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
ប្រជាជនអូស្រ្តាលីរាប់រយនាក់បានប្រមូលផ្តុំធ្វើបាតុកម្មនៅរដ្ឋ វិចតូរៀ (Victoria) កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ចប់ការបិទប្រទេសទាំងស្រុង។ យ៉ាងណាមិញ ប្រធានសមាគមវេជ្ជសាស្រ្តអូស្រ្តាលី លោក ថូនី បាថូន (Tony Bartone) បានរិះគន់លើក្រុមបាតុករទាំងនោះថា «តាមរយៈការធ្វើយ៉ាងដូច្នោះ ពួកគេអាចនឹងបង្ខំឲ្យវិធានការរឹតត្បិត នៅបន្តអនុវត្តកាន់តែយូរទៅវិញទេ ដោយសារហានិភ័យនៃការចម្លង (COVID-19) និងរីករាលដាលជំងឺកាន់តែខ្លាំង»។ រីឯប្រធានផ្នែកសុខាភិបាលអូស្រ្តាលី លោក ប្រ៊ែនដាន មើហ្វី (Brendan Murphy) បានទទូចឲ្យប្រជាជនគ្រប់រូប ប្រកាន់យកភាពទទួលខុសត្រូវរៀងៗខ្លួន ដើម្បីរួមគ្នាបញ្ឈប់ការរាតត្បាតនៃ COVID-19។
គួរជម្រាបថា កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលីទើបតែបានសម្តែងការកោតសរសើរដល់កិច្ចរួមសហការរបស់ ប្រជាពលរដ្ឋអូស្រ្តាលីទាំងអស់ ដែលបានជួយសម្រេចបាននូវអត្រាឆ្លងក្នុងកម្រិតទាបនៅក្នុងប្រទេសអូស្រ្តាលី ដោយសារតែការគោរពតាមវិធានការរឹតត្បិតនានា ដែលរដ្ឋាភិបាលបានដាក់ចេញ។
ចំណែកឯនាយករដ្ឋមន្រ្តីអូស្រ្តាលី ក៏បានប្រកាសនូវផែនការ ដើម្បីបើកសេដ្ឋកិច្ចអូស្រ្តាលីឡើងវិញជាដំណាក់កាលផងដែរ បន្ទាប់ពីស្ថានការណ៍ COVID-19 នៅក្នុងប្រទេសលោក មានភាពធូរស្រាល។ តួយ៉ាងនៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ សិស្សសាលាមួយចំនួននៅក្នុងរដ្ឋញូសោតវែលស៍ និងឃ្វីនស៍លែន ត្រូវបានអនុញ្ញាតឲ្យចូលរៀនវិញ ប៉ុន្តែត្រូវស្ថិតនៅក្នុងការរក្សាអនាម័យ និងតាមដានសុខភាពយ៉ាងដិតដល់បំផុត៕