(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិក បានឱ្យដឹងថា លោក Michael Gilday មេបញ្ជាការកំពូលកងទ័ពជើងទឹក នឹងធ្វើចត្តាឡីស័កខ្លួនឯង នៅសប្តាហ៍នេះ បន្ទាប់ពីលោកបានទាក់ទងជាមួយនឹងសមាជិកគ្រួសារម្នាក់ ដែលតេស្តឃើញវិជ្ជមាន COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។

ប្រភពពីមន្ត្រីអាមេរិក បានឲ្យដឹងទៀតថា លោក Michael Gilday បានធ្វើតេស្តពិនិត្យរកមើលជំងឺ COVID-19 កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយលទ្ធផលអវិជ្ជមាន តែទោះយ៉ាងជាយ៉ាងណា លោកនឹងធ្វើចត្តាឡីស័កខ្លួនឯង សម្រាប់រយៈពេលជាច្រើនថ្ងៃ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ Joseph Lengyel ដែលជាប្រធាន ការិយាល័យឆ្មាំជាតិអាមេរិក កាលពីរសៀលថ្ងៃសៅរ៍ សប្តាហ៍មុន ក៏ត្រូវបានតេស្តវិជ្ជមានជំងឺ COVID-19 ផងដែរ ប៉ុន្តែលទ្ធផលតេស្តម្តងទៀត នៅថ្ងៃដដែលនោះ បែជាអវិជ្ជមានទៅវិញ។

ដូច្នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក បានគូសបញ្ជាក់ថា លោកឧត្តមសេនីយ Lengyel នឹងឆ្លងកាត់ការធ្វើតេស្តជាលើកទី៣ នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីបញ្ជាក់ពីស្ថានភាពអវិជ្ជមានរបស់លោក។

ទាំងលោក Michael Gilday និងលោក Lengyel សុទ្ធតែបានអវត្តមានក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។

ព័ត៌មាននេះ វាបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុគ្គលិកសេតវិមានពីររូប ដែលម្នាក់ជាអ្នកនាំពាក្យរបស់អនុប្រធានាធិបតី ម៉ៃក៍ ភែន និងម្នាក់ទៀតជា ជំនួយការផ្ទាល់របស់លោកប្រធានាធិបតី ត្រាំ ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺដ៏កាចសាហាវនេះ។ ប្រការនេះវាបានបង្កឲ្យមានក្តីបារម្ភកាន់តែខ្លាំងឡើង អំពីលទ្ធភាពនៃការឆ្លងរាល COVID-19 នៅក្នុងចំណោមមន្រ្តីនៅសេតវិមាន ជាពិសេសសុវត្ថិភាពរបស់លោក ដូណាល់ ត្រាំ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ នៃមន្ទីរបញ្ចកោណអាមេរិកផងដែរ៕