(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានសាទរចំពោះការថយចុះចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅក្នុងបណ្ដាប្រទេសមួយចំនួន ប៉ុន្តែអង្គការនេះនៅតែអំពាវនាវ ឱ្យប្រជាជាតិទាំងអស់ ត្រូវតែរក្សាការប្រុងប្រយ័ត្ន ខណៈពួកគេកំពុងបន្ធូរបន្ថយវិធានការរឹតត្បិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
ការអំពាវនាវខាងលើរបស់អង្គការ WHO ធ្វើឡើងបន្ទាប់ពីប្រទេសអឺរ៉ុប មួយចំនួនដូចជាបារាំង និងអេស្ប៉ាញ ចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទប្រទេស ក្រោយមើលឃើញអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 មានការថយចុះ។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ អគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងយ៉ាងដូច្នេះថា «ព័ត៌មានល្អ នោះគឺភាពជោគជ័យក្នុងការបន្ថយល្បឿននៃការរាតត្បាត COVID-19 និងការជួយសង្រ្គោះជីវិតមនុស្ស»។
ព្រមពេលជាមួយគ្នានោះដែរ លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ជាប្រធានសង្រ្គោះបន្ទាន់នៃអង្គការ WHO ក៏បានសាទរផងដែរ ចំពោះការថយចុះចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 រួមទាំងការបន្ធូរបន្ថយវិធានការបិទប្រទេស និងរឹតត្បិតទាំងឡាយដោយសន្សឹមៗ។ ប៉ុន្តែលោកនៅតែអំពាវនាវដដែល ឱ្យបណ្ដាប្រទេសទាំងអស់ ត្រូវតែរក្សាការប្រុងប្រយ័ត្នជានិច្ច៕