(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបិទបញ្ចប់សន្និសីទសារព័ត៌មានរបស់លោក ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទនោះភ្លាមៗ បន្ទាប់ពីមានការទាស់សម្តីគ្នាជាមួយអ្នកកាសែតជនជាតិចិននៅឯសេតវិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
ការបញ្ចប់សន្និសីទកាសែតយ៉ាងតក់ក្រហល់ខាងលើ បានកើតឡើងបន្ទាប់ពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន CBS News ឈ្មោះ វៃជា ជាង (Weijia Jiang) បានលើកជាសំណួរទៅកាន់លោក ដូណាល់ ត្រាំ ថា តើហេតុអ្វីបានជាលោកប្រធានាធិបតី ចាត់ទុកសមត្ថភាពនៃការធ្វើតេស្ត COVID-19 ជាការប្រកួតប្រជែងគ្នាមួយនៅលើពិភពលោក ព្រោះលោកតែងតែអួតថា សហរដ្ឋអាមេរិកបានធ្វើតេស្តរកជំងឺនេះច្រើនជាងគេបំផុត ខណៈដែលជនជាតិអាមេរិកច្រើនជាង ៨០,០០០នាក់បានស្លាប់?
លោកប្រធានាធិបតីអាមេរិក ក៏បានឆ្លើយតបទៅហ្នឹងសំនួរខាងលើនេះវិញយ៉ាងដូច្នេះថា «ប្រហែលនេះគឺជាសំណួរដែលអ្នកគួរយកទៅសួរចិនវិញទៅ កុំមកសួរខ្ញុំ! ត្រូវសួរសំណួរនេះទៅកាន់ប្រទេសចិនវិញ, តើអ្នកយល់ទេ?»។ បន្ទាប់មកទៀត លោក ត្រាំ ក៏បានអង្អុលឲ្យអ្នកឆ្លើយឆ្លងព័ត៌មានម្នាក់ទៀត ប្រចាំសេតវិមានឈ្មោះ ខេធ្លេន ខូល្លីនស៍ (Kaitlan Collins) មកពីខាងទូរទស្សនា៍ CNN ប៉ុន្តែពេលនោះអ្នកព័ត៌មាន Jiang ក៏បានស្កាត់សួរលោក ត្រាំ ជាថ្មីទៀត ហើយអ្នកទាំងពីរក៏បានទាស់សម្តីគ្នា រហូតដល់លោក ត្រាំ បានសម្រេចមិនឲ្យអ្នកសារព័ត៌មាន CNN សួរសំណួរបន្ត និងប្រកាសបិទបញ្ចប់សន្និសីទកាសែតនោះតែម្តង។
គួរជម្រាបថា ពាក្យសម្តីឆ្លើយតបរបស់លោក ត្រាំ ត្រូវក្រុមអ្នករិះគន់យល់ឃើញថា ជាសម្តីរើសអើសជាតិសាសន៍ ដ្បិតអ្នកឆ្លើយឆ្លងព័ត៌មាន Weijia Jiang នោះ មានដើមកំណើតមកពីប្រទេសចិន ប៉ុន្តែបានមករស់នៅលើទឹកដីសហរដ្ឋអាមេរិក តាំងតែពីនាងមានអាយុទើប ០២ឆ្នាំមកម្ល៉េះ។ ដោយឡែកកាលពីសប្តាហ៍មុននេះ រដ្ឋាភិបាលអាមេរិកក៏បានសម្រេច ដាក់ការរឹតត្បិតលើការផ្តល់ទិដ្ឋាការដល់អ្នកសារព័ត៌មានចិនចូលមកកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងទង្វើចិនលើអ្នកសារព័ត៌មានអាមេរិកមួយចំនួន៕