(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំតាមរយៈវីឌីអូ Conference មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការកើនឡើង នៃអំពើហិង្សានៅរដ្ឋរ៉ាឃីន (Rakhine) សហភាពមីយ៉ាន់ម៉ា និងផលប៉ះពាល់នៃករាលនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើយោងតាមប្រភពពីមន្ត្រីការទូត UN ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
CNA បានគូសបញ្ជាក់យ៉ាងដូច្នេះថា កិច្ចប្រជុំបិទទ្វារខាងលើនេះ ត្រូវបានស្នើរដោយចក្រភពអង់គ្លេស ហើយគ្រោងនឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះតែម្តង។ ចំណែកឯប្រេសិតពិសេស របស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី គ្រីសស្ទីន ស្ក្រាណឺ ប៊ឺជែណឺ (Christine Schraner Burgener) ក៏នឹងចូលរួមផ្តល់យោបល់ ជុំវិញរឿងនេះផងដែរ។
គួរជម្រាបថា កាលពីចុងខែមេសាកន្លងទៅនេះ រថយន្តមួយគ្រឿងរបស់អង្គការសុខភាពពិភពលោក (WHO) ដែលដឹកសំណាក COVID-19 ត្រូវបានរងការវាយឆ្មក់ពីសំណាល់ក្រុមសកម្មប្រយុទ្ធ នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា។ ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកបើកម្នាក់ស្លាប់បាត់បង់ជីវិត និងបុគ្គិលពេទ្យម្នាក់រងរបួស។ ការវាយប្រហារនេះ វាបានកើតឡើងចំពេលដែលមានការអំពាវនាវ ឲ្យមានបទឈប់បាញ់ជាសកល និងការការពារជីវិតជនស៊ីវិល ដែលធ្វើការផ្លាស់ទីលំនៅ ដោយសារជំងឺរាតត្បាតសកល។
ជុំវិញការវាយប្រហារនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានថ្កោលទោសយ៉ាងខ្លាំង ហើយលោកថែមទាំងបានអំពាវនាវ ឲ្យមានការស៊ើបអង្កេតពេញលេញមួយ និងប្រកបដោយតម្លាភាព ដើម្បីនាំយកជនល្មើសទំាងនោះមកកាត់ទោស។
ចាប់តាំងពីដើមខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៧៤ម៉ឺននាក់បានរត់ទៅស្វែងរកការជ្រកកោន នៅប្រទេសបង់ក្លាដែស ដើម្បីគេចខ្លួនចេញពីអំពើហិង្សាយ៉ាងព្រៃផ្សៃ ដែលបានប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ា។ ចំនួនពិតប្រាកដនៃជនជាតិរ៉ូហ៊ីងយ៉ា ដែលត្រូវបានសម្លាប់ក្នុងពេលមានអំពើហិង្សានេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែបើតាមអង្គការក្រៅរដ្ឋាភិបាលជាច្រើនប៉ាន់ស្មានថា យ៉ាងហោចណាស់មានចំនួនរាប់ពាន់នាក់ដែរ៕