(ម៉ានីល)៖ ប្រទេសហ្វីលីពីននឹងអូសបន្លាយពេលបិទប្រទេស លើសកាលកំណត់ ០៩សប្ដាហ៍ នៅតាមតំបន់មួយចំនួននៅចុងសប្ដាហ៍នេះ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាតជំងឺ COVID-19 ដែលហាក់មិនទាន់មានសញ្ញាធូរស្រាល។ នេះបើតាមសម្តីលោក រ៉ូឌ្រីហ្គា ឌូតឺតេ ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
លោកប្រធានាធិបតីហ្វីលីពីន ឌូតឺតេ ធ្វើការកត់សម្គាល់ខាងលើនេះ កំឡុងបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រី មកពីអង្គភាពពិសេសប្រឆាំង COVID-19 របស់លោក ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារនេះ។ ប៉ុន្តែលោក ឌូតឺតេ មិនបានបញ្ជាក់លម្អិតថា តើតំបន់ណាមួយដែលនឹងត្រូវបន្ធូរបន្ថយ ឬបន្តរឹតបន្តឹងវិធានការបិទប្រទេស និងមានរយៈពេលយូរប៉ុណ្ណានោះទេ ខណៈសេចក្ដីបញ្ជាក់លម្អិតត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅរសៀល ឬល្ងាចថ្ងៃអង្គារនេះ។
យ៉ាងណាក៏ដោយ បើមានការអូសបន្លាយពេលបិទប្រទេស ២សប្ដាហ៍ទៀត នៅក្នុងរដ្ឋធានីម៉ានីល នោះវានឹងក្លាយជាវិធានការបិទប្រទេសរហូតដល់ ១១សប្ដាហ៍ ឬក៏ ៨០ថ្ងៃ ដែលច្រើនជាងការបិទទីក្រុងវូហាន ប្រទេសចិន ក្នុងរយៈពេល ៧៦ថ្ងៃនោះទៅទៀត។ បើតាមគេហទំព័រ worldometers ហ្វីលីពីនមានករណីឆ្លងជំងឺ COVID-19 សរុប ១១,០៨៦ករណី ក្នុងនោះស្លាប់ ៧២៦នាក់ និងជាសះស្បើយឡើងវិញ ១,៩៩៩នាក់៕