(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងបន្ធូរបន្ថយវិធានបិទប្រទេស ដែលបានដាក់ចេញក្នុងគោលបំណង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នោះជាបណ្តើៗមកវិញ បើទោះបីជាអត្រាអ្នកឆ្លងថ្មី នារយៈពេលចុងក្រោយនេះ បានហក់ឡើងខ្លាំងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
លោក ម៉ូឌី បាននិងកំពុងប្រឈមមុខនឹង ការអំពាវនាវកាន់តែខ្លាំងឡើងៗ ឲ្យបញ្ចប់វិធានការបិទទ្វារប្រទេស របស់រដ្ឋាភិបាលលោក ដែលបានដាក់ចេញទៅលើប្រជាជនរបស់ប្រទេសនេះចំនួនជាង ១.៣ ពាន់លាននាក់ ខណៈដែលគណបក្សនយោបាយ ក្រុមហ៊ុនអាជីវកម្ម និងពលរដ្ឋទូទៅបានចាត់ទុកថា វិធានការបិទទ្វារប្រទេសនេះ វាបានបំផ្លាញជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដែលពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃ ដើម្បីចិញ្ចឹមជីវិត។
កាលពីថ្ងៃចន្ទសម្សិលមិញនេះ តាមរយៈវីឌីអូ Conference លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី បានប្រាប់ទៅប្រមុខរដ្ឋឥណ្ឌាថា រដ្ឋាភិបាលកំពុងពិចារណាលើការដកចេញវិញជាបណ្តើៗ នូវវិធានការបិទប្រទេស ដែលខ្លួនបានពន្យាម្តងហើយម្តងទៀតរហូតដល់ថ្ងៃទី ១៧ ខែឧសភា។ លោក ម៉ូឌី បានលើកឡើងយ៉ាងដូច្នេះថា «យើងមានបញ្ហាប្រឈមពីរយ៉ាង ទីមួយគឺកាត់បន្ថយអត្រាអ្នកឆ្លងថ្មីនៃជំងឺ COVID-19 និងមួយទៀតគឺបង្កើនសកម្មភាពសាធារណៈជាបណ្តើៗឡើងវិញ»។
នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា «ទោះបីជារដ្ឋាភិបាលកំពុងពិចារណា ក្នុងការបន្ធូរបន្ថយវិធានការបិទប្រទេសក៏ដោយ ក៏យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច រហូតដល់មានថ្នាំវ៉ាក់សាំង ហើយអាវុធដ៏ធំបំផុតសម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ គឺការប្រកាន់ភ្ជាប់នូវគម្លាតសុវត្ថិភាពពីគ្នា»។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ១១៖០០នាទីព្រឹកថ្ងៃអង្គារនេះ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនករណីឆ្លង ៧០,៨២៧ករណី ក្នុងនោះអ្នកជំងឺ ២,២៩៤នាក់បានស្លាប់ និង ២២,៥៤៩នាក់ផ្សេងទៀតជាសះស្បើយឡើងវិញ៕