(បរទេស)៖ តឹកតាងមួយចំនួនដែលទើបតែត្រូវបានរកឃើញ ក្នុងរូងភ្នំមួយនៅប្រទេសប៊ុលហ្គារីបានបង្ហាញថា អម្បូរមនុស្សសម័យដំបូង ហូម៉ូសេភៀន (Homo sapiens) អាចមកដល់ដែនដីអឺរ៉ុបតាំងពី ៤៧,០០០ឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Science Alert នៅរសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
សំណល់ឆ្អឹង ធ្មេញ រួមជាមួយនិងវត្ថុបុរាណដទៃៗទៀត ត្រូវបានរកឃើញកប់នៅក្រោមដីជ្រៅ ក្នុងរូងភ្នំមួយហៅថា បាចូ គីរ៉ូ (Bacho Kiro) ជាទីបុរាណស្ថាន នៅឯភូមិភាគកណ្តាលនៃប្រទេសប៊ុលហ្គារី។ បើតាមលទ្ធផលស្រាវជ្រាវទៅលើតឹកតាងទាំងនោះបានបង្ហាញថា អម្បូរមនុស្សដំបូង Homo sapiens បានស្ថិតក្នុងរូងភ្នំ Bacho Kiro ចាប់ពីចន្លោះ ៤៥,៨២០-៤៦,៩៤០ឆ្នាំមុន ខណៈកន្លងមកក្រុមអ្នកស្រាវជ្រាវធ្លាប់បានអះអាងថា អម្បូរមនុស្សដែលអាចបន្តពូជពង្សមកដល់បច្ចុប្បន្នខាងលើនេះ បានមកដល់ទឹកដីអឺរ៉ុបដំបូងកាលពីខ្ទង់ ៤៥,០០០ឆ្នាំមុន។
គួរជម្រាបថា មុនការមកដល់នៃអម្បូរមនុស្ស Homo sapiens ដែនដីអឺរ៉ុបគឺជាដែនដីកំណើតរបស់អម្បូរមនុស្សមួយប្រភេទទៀតហៅថា នៀនដឺថាល់ (Neanderthals)។ បើតាមភស្តុតាងពីសំណល់ហ្វូស៊ីល (Fossil) អម្បូរមនុស្សនេះ (Neanderthals) បានផុតពូជនៅអឺរ៉ុបកាលពី ៣៩,០០០-៤០,០០០ឆ្នាំមុន ហើយមូលហេតុនៃការផុតពូជរបស់ពួកគេ គឺមានកត្តាជាច្រើនត្រូវបានលើកឡើង ក្នុងនោះមានដូចជា ការប្រកួតប្រជែងជាមួយអម្បូរមនុស្ស Homo sapiens, ការប្រែប្រួលអាកាសធាតុ ឬកត្តារួមផ្សំដទៃៗទៀត៕