(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido នាពេលថ្មីៗនេះ បានទទួលយកពាក្យលាឈប់ពីទីប្រឹក្សាពីរនាក់របស់ លោក បន្ទាប់ពីមានការការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលទទួលបរាជ័យ។ នេះ បើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
យោងតាមអ្នកនាំពាក្យលោក Guaido មេបក្សប្រឆាំងវេណេស៊ុយអេឡារូបនេះ បានសម្តែងការអរគុណចំពោះលោក Juan Rendon និង លោក Sergio Vergara ដែលជាទីប្រឹក្សារបស់ខ្លួន សម្រាប់ការប្តេជ្ញាចិត្តនិងការប្រឹងប្រែងរបស់ពួកគេនាពេលកន្លងមកនេះ ដើម្បីប្រទេសវេណេស៊ុយអេឡា។ លោក Rendon បានសម្រេចលាឈប់បែបនេះ បន្ទាប់ពីលោកបានទទួលស្គាល់ថា លោកធ្លាប់បានពិភាក្សាជាមួយក្រុមហ៊ុនសន្តិសុខមួយរបស់ អាមេរិក ជុំវិញផែនការប្រឆាំងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ មែន ប៉ុន្តែលោកបានផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុននោះតាំងតែពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ។
ចំណែកលោក Vergara បានលាឈប់ដោយមិនបញ្ជាក់ពីមូលហេតុឡើយ និងបានអះអាងថា លោកមិនបានដឹងពីផែនការប្រតិបត្តិការផ្តួល រំលំលោក ម៉ាឌូរ៉ូ ឡើយ។ បច្ចុប្បន្នលោក Rendon និង លោក Vergara កំពុងស្ថិតនៅក្រៅប្រទេសវេណេស៊ុយអេឡា។ រីឯប្រធានក្រុមហ៊ុនសន្តិសុខ អាមេរិក Silvercorp លោក Jordan Goudreau បានទទួលស្គាល់ពីប្រតិបត្តិការប៉ុនប៉ងឈ្លានពានចូលឆ្នេរភាគកណ្តាលប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី០៣ ខែឧសភា ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប៉ុន្តែវាបានទទួលបរាជ័យ ហើយមកទល់ពេលនេះអាជ្ញាធរវេណេស៊ុយអេឡា ឃាត់បានជនសង្ស័យខ្ទង់៤០នាក់ ក្នុងនោះ រួមមានទាំងជនជាតិអាមេរិកផងដែរ។។ សម្រាប់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Guaido វិញ គឺបានប្រកែកថាលោកមិន ជាប់ពាក់ព័ន្ធរឿងនេះឡើយ។
គួរជម្រាបថា អគ្គរដ្ឋអាជ្ញារបស់វេណេស៊ុយអេឡា បានស្នើឲ្យឲ្យមានការសុំធ្វើបត្យាប័នលោក Goudreau, លោក Rendon, និងលោក Vergara មកកាន់ប្រទេសវេណេស៊ុយអេឡាដើម្បីកាត់ទោស ជុំវិញការចូលរួមពាក់ព័ន្ធរបស់ពួកគេទាំងបីនាក់ នៅក្នុងការរៀបចំផែនការអាក្រក់ខាងលើ៕