(ប៉េកាំង)៖ អាជ្ញាធរទីក្រុងជីលីន (Jilin) ដែលស្ថិតនៅភាគឦសាននៃប្រទេសចិនបានសម្រេចថា នឹងដាក់ចេញនូវវិធានការរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ខណៈទីក្រុងនេះ ទើបតែបានកត់ត្រាករណីឆ្លងថ្មីៗចំនួន ០៦ បន្ថែមទៀតនៅថ្ងៃពុធនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។

ថ្មីៗនេះ ទីក្រុងជីលីនបាននិងកំពុងស្ថិតក្រោមក្តីបារម្ភថា អាចជាប្រភពនៃការឆ្លងរាតត្បាតជំងឺ COVID-19 សាជាថ្មីនៅក្នុងប្រទេសចិន រហូតបង្ខំទីក្រុង Shulan ដែលនៅជាប់គ្នាបង្កើនកម្រិតប្រកាសអាសន្នពីមធ្យមទៅខ្ពស់ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ លោកស្រី Gai Dongping ដែលជាអភិបាលរងក្រុងជីលីនបាននិយាយយ៉ាងដូច្នេះថា «ស្ថានភាពបច្ចុប្បន្ននៃជំងឺ COVID-19 គឺមានភាពស្មុគស្មាញ ហើយវាមានហានិភ័យខ្ពស់ ដែលវីរុសនេះអាចនឹងរាលដាលខ្លាំងតទៅមុខទៀត»។ ជាមួយគ្នានេះ លោកស្រីបានសង្កត់ធ្ងន់ថា «ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះ យើងបានសម្រេចចិត្តអនុវត្តវិធានការត្រួតពិនិត្យនិងរឹតត្បិត នៅតំបន់ទីប្រជុំជននៃរបស់ក្រុង»

គួរជម្រាបថា ក្រុងជីលីន គឺជាទីក្រុងធំជាងគេទីពីរនៃខេត្តជីលីន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកូរ៉េខាងជើង និងប្រទេសរុស្ស៉ី។ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នៅក្នុងប្រទេសចិន នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺត្រូវបានរាយការណ៍ចេញពីទីក្រុងនេះតែម្តង។ អាជ្ញាធរសុខាភិបាលចិនបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជានិច្ច ដ្បិតថារលកទី២នៃការឆ្លងរីករាលដាលជំងឺ COVID-19 អាចនឹងកើតមាន បើទោះជាប្រទេសចិនបានឆ្លងផុតដំណាក់កាលកំពូលហើយក៏ដោយ៕