(វ៉ាស៊ីនតោន)៖ ក្រុមបក្សប្រជាធិបតេយ្យនៃសភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បញ្ចេញកញ្ចប់ថវិកាជំនួយទំហំលើសពី ០៣ទ្រីលានដុល្លារ ដែលមានគោលដៅចង់ជួយទ្រទ្រង់ដល់រដ្ឋនានារបស់អាមេរិក ព្រមទាំងអាជីវកម្មក៏ដូចជាក្រុមគ្រួសារអាមេរិក ក្នុងការ ដោះស្រាយបញ្ហាដែលបង្កឡើងដោយវិបត្តិ COVID-19 ក៏ប៉ុន្តែវាត្រូវបានបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាអាមេរិកទាត់ចោល។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងសេចក្តីព្រាងកញ្ចប់ថវិកាខាងលើ រួមមានទាំងលុយជិត០១ទ្រីលានដុល្លារ ដើម្បីជួយដល់បណ្តារដ្ឋរបស់អាមេរិក ដែលកំពុងរងគ្រោះ ដោយសារ COVID-19 ខណៈជំងឺនេះបានសម្លាប់មនុស្សជាង០៨ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជាង១.៤លាននាក់ នៅទូទាំងប្រទេស ហើយ និងលុយ៧៥ពាន់លានដុល្លារសម្រាប់ការធ្វើតេស្តប្រជាជនរក COVID-19 ព្រមទាំងលុយ៦,០០០ដុល្លារ ដែលត្រូវប្រគល់ផ្ទាល់ដល់ដៃក្រុម គ្រួសារអាមេរិកនីមួយៗ បូករួមជាមួយលុយ១០ពាន់លានដុល្លារ សម្រាប់ជួយអាជីវកម្មខ្នាតតូច ហើយវាក៏ពង្រឹងបន្ថែមនូវប្រព័ន្ធទ្រទ្រង់ អ្នក គ្មានការងារធ្វើ រហូតដល់ខែមករា ឆ្នាំក្រោយផងដែរ។

គួរជម្រាបថា សភាតំណាងរាស្រ្តអាមេរិកគ្រោងនឹងបោះឆ្នោតសម្រេចលើសេចក្តីព្រាងកញ្ចប់ថវិកាខាងលើ នៅថ្ងៃសុក្រសប្តាហ៍នេះ ក៏ប៉ុន្តែ ខាងបក្សសាធារណរដ្ឋនៅឯព្រឹទ្ធសភាបានប្រកាសរួចជាស្រេចថា វានឹងមិនអាចឆ្លងផុតព្រឹទ្ធសភាអាមេរិកឡើយ។ ខាងបក្សសាធារណរដ្ឋ បានបញ្ជាក់ថា ពួកគេមិនទាន់ចង់ឲ្យមានសេចក្តីព្រាងកញ្ចប់ថវិកាជំនួយថ្មីទៀតនោះទេ ដោយពួកគេចង់វាយតម្លៃមើលទៅលើលទ្ធផលនៃកញ្ចប់ ថវិកាជំនួយប៉ុន្មានទ្រីលានដុល្លារ ដែលត្រូវបានអនុម័តនាពេលកន្លងមកសិន ខណៈបណ្តារដ្ឋនៅអាមេរិក ក៏បានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ៕