(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នាថ្ងៃព្រហស្បតិ៍នេះបានលើកឡើងថា នៅពេលមានវ៉ាក់សាំង COVID-19 ប្រទេសទាំងអស់ នៅលើពិភពលោកត្រូវតែមានឱកាសស្មើៗគ្នា ដើម្បីទទួលបានវ៉ាក់សាំងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Stefan de Keersmaecker បាននិយាយនៅចំពោះមុខក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «វ៉ាក់សាំងប្រឆាំង COVID-19 គួរតែជាផលិតផលរួមសម្រាប់ពិភពលោកទាំងមូល ដោយប្រទេសនានាត្រូវតែមានឱកាសស្មើៗគ្នា ដើម្បីទទួលបានវាយកទៅប្រើប្រាស់»។

ការគូសបញ្ជាក់បែបនេះរបស់សហភាពអឺរ៉ុបកើតមានឡើង បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុនវ៉ាក់សាំងធំមួយនៅប្រទេសបារាំង Sanofi បានប្រកាសថា អ្នកជំងឺ COVID-19 នៅសហរដ្ឋអាមេរិក នឹងមានសិទ្ធិទទួលបានវ៉ាក់សាំងរបស់ខ្លួនមុនគេ ដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចំណាយថវិកាច្រើន ជួយដល់កិច្ចប្រឹងប្រែងស្រាវជ្រាវរបស់ក្រុមហ៊ុន។ រដ្ឋាភិបាលបារាំង ក៏បានចេញមុខរិះគន់ក្រុមហ៊ុន Sanofi ផងដែរ ដោយថាការផ្តល់វ៉ាក់សាំង COVID-19 មិនគួរមានភាពលម្អៀងដោយសារតែរឿងហិរញ្ញវត្ថុនោះឡើយ។

គួរជម្រាបថា ក្នុងខែឧសភានេះ សហភាពអឺរ៉ុបបានដឹកនាំកិច្ចប្រឹងប្រែងអន្តរជាតិមួយ ស្តីពីការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលរៃអង្គាសបានថវិកាប្រមាណ៨ពាន់លានដុល្លារ ពីបណ្តាប្រទេសជាច្រើន ខណៈសហរដ្ឋអាមេរិកមិនបានចូលរួម នោះទេ។

បើតាមទីភ្នាក់ងារឯកទេសខាងឱសថរបស់ EU វ៉ាក់សាំង COVID-19 ប្រហែលអាចសម្រេចបានរួចរាល់ ក្នុងរយៈពេល មួយឆ្នាំ ប៉ុន្តែបានបញ្ជាក់ថា នេះគឺក្នុងករណីមានសុទិដ្ឋនិយមខ្ពស់បំផុត ដ្បិតការអភិវឌ្ឍវ៉ាក់សាំងត្រូវការប្រើពេលវេលារាប់ឆ្នាំឯណោះ។ បច្ចុប្បន្ន វ៉ាក់សាំង COVID-19 មួយចំនួន កំពុងស្ថិតក្រោមការធ្វើតេស្តលើមនុស្ស៕