(វូហាន)៖ ប្រជាជននៅក្នុងទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន បានតម្រង់ជួរដើម្បីរង់ចាំទទួលការធ្វើតេស្ដរក COVID-19 កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងពី «រលកទី២» បន្ទាប់ពីករណីឆ្លងជាចង្កោមត្រូវបានរាយការណ៍ នារយៈពេលប៉ុន្មានថ្ងៃមុននេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

ការធ្វើតេស្ដលើប្រជាជនក្នុងទីក្រុងវូហាន ត្រូវបានធ្វើឡើងនៅតាមតង់ជាច្រើន ដែលសង់ដោយអាជ្ញាធរនៅឯចំណតរថយន្ដ, ឧទ្យាន និងអគាររបស់រដ្ឋ ក្រោមការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព។ បុរសម្នាក់អាយុ ៤០ឆ្នាំបានប្រាប់អ្នកទីភ្នាក់ងារព័ត៌មាន AFP ពេលមកទទួលការធ្វើតេស្ដរក COVID-19 យ៉ាងដូច្នេះថា «ការធ្វើតេស្ដគឺជារឿងល្អពីព្រោះវាគឺជាមធ្យោបាយ ទទួលខុសត្រូវចំពោះខ្លួនឯង និងអ្នកដទៃ»

គួរបញ្ជាក់ថា បើតាមគណៈកម្មាការជាតិសុខាភិបាលចិន មនុស្សច្រើនជាង ៣,៨០០នាក់បានស្លាប់ដោយសារ COVID-19 នៅក្នុងទីក្រុងវូហាន ហើយដែលតួលេខនេះ គឺរ៉ាប់រងចំនួនអ្នកស្លាប់ភាគច្រើនលើសលប់ នៃអ្នកស្លាប់សរុបទូទាំងប្រទេស ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អាជ្ញាធរមានគម្រោងធ្វើ តេស្ដឡើងវិញលើប្រជាជនក្នុងទីក្រុងវូហានទាំងអស់ ១១លាននាក់ ប៉ុន្តែគម្រោងនេះ នៅមិនទាន់មានការបញ្ជាក់អ្វីលម្អិតនោះទេ៕