(ប្រេស៊ីល)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលនៅថ្ងៃសុក្រនេះ បានរាយការណ៍ឲ្យដឹងថា ចំនួនករណីឆ្លង COVID-19 ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បានកើនលើស ២០០,០០០ករណីហើយ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។
យោងតាមទិន្នន័យចុងក្រោយបង្អស់ ស្តីអំពីស្ថានការណ៍ COVID-19 នៅក្នុងប្រទេសបានបង្ហាញឲ្យដឹងថា ប្រេស៊ីលមានករណីឆ្លងសរុប ២០២,៩១៨ករណី ដោយក្នុងនោះអ្នកជំងឺសរុបចំនួន ១៣,៩៩៣នាក់ បានបាត់បង់ជីវិត។ ក្រសួងសុខាភិបាលប្រេស៊ីលបានគូសបញ្ជាក់ថា ក្នុងរយៈពេលត្រឹម ២៤ម៉ោងកន្លងមកនេះ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីចំនួន ១៣,៩៤៤ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មាន និងករណីស្លាប់ចំនួន ៨៨៤នាក់ផងដែរ។
ទោះជាយ៉ាងណា នៅពេលជាមួយគ្នានេះ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បែរជាបានជំរុញឲ្យថ្នាក់ដឹកនាំអាជីវកម្មធំៗ ដកបទបញ្ជារឹតត្បិតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុសៅប៉ូឡូវិញ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចជាតិ៕